ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្ម លើមេដឹកនាំ យោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុន មួយចំនួនទៀត

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក ទើបតែបានប្រកាស ដាក់ទណ្ឌកម្មទៅលើ មេដឹកនាំយោធារបស់
ប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងពួកគេផងដែរ ។

រតនាគារជាតិ អាមេរិកបានធ្វើការប្រកាស សេចក្តីសម្រេចចុងក្រោយមួយ របស់ខ្លួនទៅលើមីយ៉ាន់ម៉ា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពី
ថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ថា អតីតមេដឹកនាំនិងមេដឹកនាំយោធា បច្ចុប្បន្នចំនួន១០រូប ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅ របស់អាមេរិកព្រមជាមួយនឹងក្រុមហ៊ុន
ចំនួន៣ទៀត ដែលពាក់ព័ន្ធផងដែរ ។

នៅក្នុងបញ្ជីដែលត្រូវបាន រាយនាមនោះក៏ត្រូវបានដាក់ចេញ ដោយសេតវិមាននិងក្រសួងសេដ្ឋកិច្ចជាតិ អាមេរិកផងដែរ ដើម្បីអាចធ្វើការកំណត់ ចំនួននិងមុខទំនិញ
មួយចំនួនប៉ុណ្ណោះ ដែលអាចនាំចូលទៅក្នុងប្រទេស មីយ៉ាន់ម៉ាបាន ។

បន្ថែមពីនោះផងដែរមូលនិធិ ជំនួយរបស់អាមេរិកឬ USAID ក៏បានផ្លាស់ប្តូរ កញ្ចប់ជំនួយ របស់ខ្លួនប្រមាណជា៤២,៤លានដុល្លារ ទៅឲ្យកម្មវិធីផ្សេងដែលផ្តល់ប្រយោជន៍
ដល់ការពង្រឹងទៅលើសង្គមសីវិល និងវិស័យឯកជនជំនួសវិញផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top