បរទេស៖ យ៉ាងហោចណាស់មានមនុស្ស៦ នាក់ត្រូវបានចាប់ខ្លួននៅភាគខាងជើង ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ ពីបទជួញដូរវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លែងក្លាយ។
យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Hugo Lopez-Gatell បានថ្លែងនៅក្នុង សន្និសីទកាសែតមួយថា « យើងមានភ័ស្តុតាងផ្ទាល់ថា វ៉ាក់សាំងក្លែងបន្លំ…ត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅ ៤ ម៉ឺនប៉េសូ ឬ ស្មើនឹង ២ ០០០ដុល្លារអាមេរិក ក្នុងមួយដូស»។
លោកបាននិយាយថា ការចាក់ថ្នាំក្លែងក្លាយត្រូវបានបង្ហាញជា វ៉ាក់សាំង BioNTech-Pfizer ដែលមានតែនៅប្រទេសម៉ិកស៊ិក តាមរយៈក្រុមវ៉ាក់សាំង របស់រដ្ឋាភិបាលប៉ុណ្ណោះ។
អាជ្ញាធរបានរកឃើញគ្លីនិកឯកជនមួយ ដែលផ្តល់វ៉ាក់សាំងក្លែងក្លាយ សម្រាប់លក់នៅទីក្រុង Monterrey ក្នុងរដ្ឋជាប់ព្រំដែន Nuevo Leon ។
រដ្ឋមន្រ្តីផ្នែកសុវត្ថិភាពសាធារណៈនៃប្រទេសម៉ិកស៊ិក លោកស្រី Rosa Icela Rodriguez មានប្រសាសន៍ថា «ការរឹបអូសវ៉ាក់សាំងក្លែងក្លាយ ត្រូវបានអនុវត្តនៅក្នុងទីក្រុង Nuevo Leon ដែលជាការពិតដែលយើងមាន ការសោកស្តាយពីព្រោះការប្រើប្រាស់ វ៉ាក់សាំងការពារប្រព័ន្ធភាពស៊ាំ ក្លែងក្លាយប្រភេទនេះ ធ្វើឱ្យសុខភាពប្រជាជនមានគ្រោះថ្នាក់។
លោកស្រីថា «អ្នកមិនត្រូវលេងសើចជាមួយសុខភាពទេ ហើយក្នុងពេលនៃរោគរាតត្បាតនេះ គ្មាននរណាម្នាក់អាចរកប្រាក់ ចំណេញបានឡើយ» ៕
ប្រែសម្រួលៈ ណៃ តុលា