ព័ត៌មានអន្តរជាតិ

ការិយាល័យអន្តោប្រវេសន៍ ប្រទេសថៃ នឹងរារាំងជនចំណាកស្រុកមីយ៉ាន់ម៉ា ពីការរៀបចំបាតុកម្ម នៅប្រទេសថៃ ប្រឆាំងនឹងរបបយោធា

បរទេស៖ ការិយាល័យអន្តោប្រវេសន៍ (IB) ប្រទេសថៃ បានពិភាក្សាជាមួយជន ចំណាកស្រុកមីយ៉ាន់ម៉ាដើម្បីរារាំងពួកគេពីការរៀបចំបាតុកម្មនៅប្រទេសថៃ ដោយបារម្ភថា សកម្មភាពបែបនេះនឹងធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ កាន់តែអាក្រក់ទៅ ៗ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរមានការប្រុងប្រយ័ត្នចំពោះភាពវឹកវរបន្ថែមទៀតនៅក្នុងទីប្រជុំជន Tachileik ព្រំដែនប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារនៅក្នុងប្រទេសជិតខាងនេះ ត្រូវបានគេរាយការណ៍ថា បានប្តេជ្ញាបង្កើនការប្រមូលផ្តុំបន្ទាប់ពីមានរបាយការណ៍ពីសកម្មជនជាច្រើននាក់ដែលត្រូវបានបាញ់សម្លាប់ ដោយកងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍។

ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសានស៊ូជីកាលពីថ្ងៃទី ១ ខែកុម្ភៈ។ អាជ្ញាធរសន្តិសុខបានបាញ់គ្រាប់កាំភ្លើង ទៅលើក្រុមបាតុករនៅទីក្រុង Mandalay កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់បាតុករពីរនាក់ ដែលនេះជាឧប្បត្តិហេតុដ៏អាក្រក់បំផុតចាប់តាំងពីកងទ័ពប្រទេសមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ៕ប្រែសម្រួលៈ ណៃ តុលា

To Top