ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួមនិងកាតា ប្រារព្ធធ្វើជំនួបដំបូង ចាប់តាំងពីស្តារមិត្តភាព ជាថ្មី

បរទេស៖ គណៈប្រតិភូ មកពីសហភាពអារ៉ាប់រួម និងប្រទេសកាតា តាមសេចក្តីរាយការណ៍ បានជួបគ្នានៅក្នុងប្រទេសគុយវ៉ែត នាថ្ងៃចន្ទនេះ សម្រាប់ជាលើកដំបូង គិតចាប់តាំងពីមានកិច្ចព្រមព្រៀង កាលពីខែមុន ដើម្បីបញ្ចប់ជម្លោះ មានរយៈពេលជាង៣ឆ្នាំ។

ប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែននិងប្រទេសអេហ្ស៊ីប នៅក្នុងខែមករា ក្នុងជំនួបកំពូលមួយក្នុងទីក្រុង al-Ula ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការស្តារឡើងវិញនូវចំណងមិត្តភាពការទូត ជំនួញនិងការធ្វើដំណើរជាមួយទីក្រុងដូហា ដែលធ្លាប់ផ្តាច់ទំនាក់ទំនងគ្នា កាលពីឆ្នាំ២០១៧ ជុំវិញការចោទប្រកាន់ថា ប្រទេសកាតាគាំទ្រអំពើភេរវកម្ម។

ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប់រួម WAM បាននិយាយដូច្នេះថា “ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីយន្តការនិងពិធីការរួម សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុង al-Ula។ ពួកគេបានសង្កត់ធ្ងន់ លើភាពសំខាន់ នៃការរក្សាភាពជាបងប្អូន តំបន់ឈូងសមុទ្រ និងការអភិវឌ្ឍសកម្មភាព តំបន់ឈូងសមុទ្ររួមគ្នា ក្នុងចំណាប់អារម្មណ៍នៃក្រុមប្រទេស GCC និងពលរដ្ឋពួកគេ និងការសម្រេចបាន ស្ថិរភាពនិងវិបុលភាព នៅក្នុងតំបន់”។

គួរបញ្ជាក់ថា ចាប់តាំងពីមានកិច្ចព្រមព្រៀងនោះមក ការធ្វើដំណើរតាមផ្លូវអាកាសនិងផ្លូវគោក បានបន្តជាថ្មី រវាងប្រទេសកាតានិងប្រទេសទាំង៤ ហើយប្រទេសនីមួយៗ នឹងធ្វើការរៀបចំកិច្ចពិភាក្សាទ្វេភាគីជាមួយកាតា ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន៕

ប្រែសម្រួល៖ប៉ាង កុង

To Top