ព័ត៌មានអន្តរជាតិ

វិបត្តិនៅរដ្ឋតិចសាស់ បង្ហាញពីភាពងាយ រងគ្រោះ របស់អាមេរិក ចំពោះការប្រែប្រួលអាកាសធាតុ

ញូវយ៉ក៖ សារព័ត៌មានញូវយ៉កថែមស៍ បានចុះផ្សាយថា នៅពេលដែលរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក បានព្យាយាមស្តារចរន្តអគ្គិសនីនិងទឹក កាលពីសប្តាហ៍មុន នោះជាសញ្ញានៃហានិភ័យ ដែលបណ្តាលមក ពីអាកាសធាតុកាន់តែខ្លាំងឡើង ចំពោះហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ របស់អាមេរិក កំពុងកើនឡើងនៅទូទាំងប្រទេស។

ព្យុះរដូវរងាពេញមួយសប្តាហ៍ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅរដ្ឋតិចសាស់ អូក្លាហូម៉ា មីស៊ីស៊ីពី និងរដ្ឋជាច្រើនទៀត។ មួយភាគបីនៃផលិតកម្មប្រេងនៅក្នុងប្រទេសនេះ ត្រូវបានបញ្ឈប់។ ប្រព័ន្ធទឹកស្អាតនៅរដ្ឋអូហៃយ៉ូ ត្រូវបានបិទ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង នៅក្នុងរដ្ឋចំនួន ២០ ត្រូវបានរំខាន។

វិបត្តិនេះមានការព្រមានយ៉ាងជ្រាលជ្រៅ នៅពេលដែលការផ្លាស់ប្តូរអាកាសធាតុនាំមកនូវព្យុះទឹកជំនន់ រលកកំដៅ ភ្លើងឆេះព្រៃ និងព្រឹត្តិការណ៍ធ្ងន់ធ្ងរដទៃទៀត វាកំពុងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង លើមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ដូចជាបណ្តាញផ្លូវ និងផ្លូវដែកប្រព័ន្ធទឹកស្អាត រោងចក្រថាមពលអគ្គិសនី កន្លែងកាកសំណល់ ឧស្សាហកម្ម និងសូម្បីតែនៅក្នុងផ្ទះផ្ទះក៏ដោយ ។

ប្រភពព័ត៌មានបានបន្ថែមថា“ ហេដ្ឋារចនាសម្ព័ន ភាគច្រើនត្រូវបានសាងសង់ ជាច្រើនទសវត្សកន្លងមកនេះ ក្រោមការរំពឹងទុកថា បរិស្ថានជុំវិញវានឹងនៅតែមានស្ថេរភាព ឬយ៉ាងហោចណាស់មានការប្រែប្រួលក្នុងព្រំដែន ដែលអាចព្យាករណ៍បាន ។

ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ខណៈពេលដែលខ្លួនមិនតែងតែអាច និយាយបានច្បាស់ពីរបៀប ដែលការឡើងកម្តៅនៃផែនដី មានឥទ្ធិពលលើព្យុះណាមួយនោះ ការកើនឡើងជាទូទៅ នៃអាកាសធាតុអាក្រក់បង្កើតហានិភ័យថ្មីៗ សម្រាប់ប្រទេសមហាអំណាចមួយនេះ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×