កូឡុបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា មានរហូតដល់លើសពី៨០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៦០០នាក់ ដែលបានរកឃើញ នៅក្នុងអំឡុងថ្ងៃដដែលនេះ ។
តួលេខផ្លូវបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ៨០.២២២នាក់ ដែលបានឆ្លងជំងឺ អ្នកជំងឺចំនួន៧៥.១១០នាក់ បានជាសះស្បើយពីជំងឺ ដោយបានចាកចេញ ពីមន្ទីរពេទ្យវិញហើយ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់មាន៤៤៥នាក់ ដែលបានរាយការណ៍ឲ្យដឹង ដោយសារឆ្លងវីរុស ។
ស្រីលង្កា នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខនឹងរលកទី២ នៃជំងឺកូវីដ១៩ ។ ប្រទេសនេះ ក៏បានបើកកម្មវិធីចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ បន្ទាប់ពីបានទទួលកម្រិតថ្នាំ ៥០០.០០០កម្រិត ដែលវ៉ាក់សាំងរបស់ក្រុមហ៊ុន Astra Zeneca បានមកដល់ពីប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍នៃខែមករា ។
ទន្ទឹមនឹងនេះដែរ កម្រិតថ្នាំដំបូង ដែលបានចាក់បញ្ចូល ដល់ក្រុមការងារនៅសមរភូមិ បានចាប់ផ្តើមមុនសាធារណៈ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
