ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំង ថ្កោលទោស និងបដិសេធ ចំពោះការចោទប្រកាន់ របស់សភាកាណាដា ដែលថា ការប្រព្រឹត្តរបស់ប្រទេសចិន ចំពោះជនជាតិអ៊ុយហ្គ័រ គឺជាអំពើប្រល័យពូជសាសន៍

បរទេស៖ សភារបស់ប្រទេសកាណាដា បានអនុម័តនូវសេចក្តីស្នើ មិនជាប់កាតព្វកិច្ចដោយចែងថា ការប្រព្រឹត្តរបស់ចិន ទៅលើជនជាតិភាគតិចអ៊ុយហ្គ័រ គឺបង្កើតបានជា អំពើប្រល័យពូជសាសន៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដោយផ្អែក តាមក្រសួងការបរទេសចិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន “ សូមថ្កោលទោសនិងច្រានចោល” ចំពោះសំណើ ដែលបានអនុម័តកាលពីពេលមុន ដោយសភាកាណាដា ដែលបានចាត់ទុកការប្រព្រឹត្ត របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះជនជាតិភាគតិច អ៊ុយហ្គ័រ គឺជាអំពើប្រល័យពូជសាសន៍។

សេចក្តីស្នើដែលមិនជាប់កាតព្វកិច្ចនេះ បានអនុម័តដោយសំឡេង ២៦៦ ទល់នឹង ០ នៅក្នុងសភាកាណាដា ដោយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និងសមាជិកភាគច្រើន នៃគណៈរដ្ឋមន្រ្តីរបស់លោក អនុប្បវាទ។

ពាក់ព័ន្ធនឹងប្រទេសចិននេះដែរ ការធ្វើវិសោធនកម្មមួយ ត្រូវបានអនុម័តផងដែរ ដោយស្នើឱ្យប្រទេសកាណាដា អំពាវនាវឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដកការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ ចេញពីទីក្រុងប៉េកាំង ប្រសិនបើ “ អំពើប្រល័យពូជសាសន៍” នេះ នៅតែបន្ត៕ ប្រែសម្រួលៈ ណៃ តុលា

To Top