ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោល គំនិត ពិភាក្សាគ្នា ជាមួយសហភាពអឺរ៉ុប និងអាមេរិក ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ

បរទេស៖ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះ បានបដិសេធមិនប្រារព្ធធ្វើកិច្ចប្រជុំក្រៅផ្លូវការមួយ ជាមួយសហរដ្ឋអាមេរិកនិងមហាអំណាចផ្សេងទៀត ដែលដើម្បីធ្វើកិច្ចពិភាក្សាវិធីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដោយទទូចថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែដកទណ្ឌកម្មឯកតោភាគីរបស់ខ្លួនជាមុន។

លោក Saeed Khatibzadeh មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា “ដោយពិចារណាដល់សកម្មភាពនិងការថ្លែងថ្មីៗនេះធ្វើឡើងដោយសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុបទាំង៣នោះ ប្រទេសអ៊ីរ៉ង់មិនគិតថា នេះជាពេលត្រូវប្រារព្ធធ្វើកិច្ចប្រជុំក្រៅផ្លូវការ ជាមួយប្រទេសទាំងនេះ តាមសំណើប្រធានគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុបនោះទេ”។

សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមានការខកចិត្ត ប៉ុន្តែនៅត្រៀមលក្ខខណ្ឌជាស្រេចដើម្បីជួបជុំគ្នាវិញក្នុងកិច្ចការការទូតប្រាកបដោយអត្ថន័យ ហើយនឹងប្រឹក្សាយោបល់ជាមួយមហាអំណាចធំៗផ្សេងទៀត ដើម្បីស្វែងរកផ្លូវទៅមុខ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ទីក្រុងតេអេរ៉ង់ បានឈប់ធ្វើការអនុវត្តតាមពិធីការបន្ថែម ដែលឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ អាចធ្វើការត្រួតពិនិត្យជាបណ្ដោះអាសន្ន នៅតាមទីតាំងដែលមិនទាន់បានប្រកាសនានា៕ប្រែសម្រួល៖ប៉ាង កុង

To Top