ព័ត៌មានអន្តរជាតិ

អាមេរិក ចាក់វ៉ាក់សាំង ជូនពលរដ្ឋកើនឡើង ជាង១០០លានដូស តាមផែនការ របស់លោក Biden

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា គិតមកត្រឹមថ្ងៃសុក្រម្សិលមិញនេះសហរដ្ឋអាមេរិក គឺអាចចាក់វ៉ាក់សាំងការពារកូវីដ
ជូនពលរដ្ឋរបស់ខ្លួនបានប្រមាណជា១០១ ១២៨ ០០៥​ដូសមកហើយខណៈដែលវ៉ាក់សាំង សរុបដែលបានចែកចាយមានទៅដល់១៣៣ ៣៣៧​ ៥២៥​ដូសនៅទូទាំងប្រទេស។

វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសគឺមានដូចជា Pfizer, Moderna និង Johnson&Johnson ហើយចំនួននេះត្រូវបានគេមើលឃើញថា បានហក់ទៅ
ដល់គោលដៅ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានសន្យាចាក់ឲ្យបានក្នុងរយៈពេល១០០ថ្ងៃ ដំបូងរបស់គាត់គិតទៅដល់ថ្ងៃទី៣០ខែមេសា។

ទោះបីជាយ៉ាងណាក្តីផែនការ១០០ថ្ងៃ ដំបូងរបស់លោក Biden ត្រូវបានធ្វើការកែប្រែឡើងវិញទៅជា១៥០លានដូសហើយមិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតីបានបញ្ជាក់
ទៀតថាអាមេរិកពេលនេះ មានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងការចាក់ជូនមនុស្សពេញវ័យរបស់ខ្លួន ឲ្យបានទៅដល់២៥៨លាននាក់នៅត្រឹមខែឧសភាខាងមុខនេះ។

គិតមកត្រឹមពេលនេះពលរដ្ឋអាមេរិកសរុប ៦៥,៩លាននាក់បានទទួលវ៉ាក់សាំងដូសដំបូង និងប្រមាណជា៣៥លាននាក់បានទទួលវ៉ាក់សាំងលើកទី២ រួចរាល់ហើយគឺប្រមាណជា១០,៥ភាគរយដែលអាចទទួលបានវ៉ាក់សាំង ធៀបទៅនឹងពលរដ្ឋអាមេរិកសរុបចំនួន៣៣១លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top