ព័ត៌មានអន្តរជាតិ

នៅថ្ងៃទី២២មីនា អ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅប្រទេសថៃ កើនដល់៩១នាក់ និងរកឃើញអ្នកឆ្លងថ្មី ៧៣នាក់ទៀត

បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទ ទី២២ ខែមីនា បានរកឃើញអ្នកឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ៧៣នាក់ទៀត ក្នុងនោះមានចំនួន ៦៦នាក់ ជាករណីឆ្លងក្នុងស្រុក ដែលនាំឱ្យថៃមានចំនួនអ្នកឆ្លងវីរុសនេះសរុប ២៧.៨៧៦ នាក់ ហើយនៅថ្ងៃនេះដែរ ថៃ ក៏មានអ្នកស្លាប់ថ្មីម្នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩១ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា អ្នកស្លាប់គឺជាបុរសជនជាតិថៃអាយុ ៦០ ឆ្នាំរស់នៅក្នុងទីក្រុងបាងកក។ បុរសដែលទទួលរងពីជំងឺជាច្រើនរួមទាំងជំងឺមហារីកសួត ហើយបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ១៥ ខែមីនា និងបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍។

ទីក្រុងបាងកក និងខេត្ត សាមុតសាខន បាននាំមុខលើករណីឆ្លងថ្មីពីរបាយការណ៍មន្ទីរពេទ្យដោយមាន ៨ ករណីរៀងៗខ្លួន។ ការធ្វើតេស្តរកវីរុសទ្រង់ទ្រាយធំបានរកឃើញករណីឆ្លងថ្មីចំនួន ២៥ ករណីនៅសាមុតសាខុន, ១៣ ករណីនៅទីក្រុងបាងកក, ៥ ករណីនៅខេត្តផាធុមថានី និង  ១ ករណីនៅ ភេចឆាបុរី៕ប្រែសម្រួលៈ ណៃ តុលា

To Top