បរទេស៖ នៅពេលធ្វើដំណើរចូលរួមប្រជុំ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រួចសែល ប្រធានគោលនយោបាយបរទេសអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ ធ្វើការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១១នាក់ ពាក់ព័ន្ធក្នុងរដ្ឋប្រហារនាថ្ងៃទី១ ខែកុម្ភៈ នៅក្នុងប្រទេសមីយ៉ានម៉ា។
ស្របពេលដែលសហភាពអឺរ៉ុប ដាក់បម្រាមលក់អាវុធលើប្រទេសមីយ៉ានម៉ា និងបានផ្តោតគោលដៅលើ មន្ត្រីយោធាជាន់ខ្ពស់មួយចំនួន តាំងពីឆ្នាំ២០១៨មកនោះ វិធានការថ្មីនេះ នឹងជាការឆ្លើយតបដ៏សំខាន់បំផុត តាំងពីមានរដ្ឋប្រហារនៅមីយ៉ានម៉ាមក។

លោក Borrell តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “ចំពោះប្រទេសមីយ៉ានម៉ា យើងនឹងដាក់ទណ្ឌកម្មនានា លើមនុស្ស១១នាក់ ដែលពាក់ព័ន្ធក្នុងរដ្ឋប្រហារ និងការបង្ក្រាបលើក្រុមបាតុករ” ហើយលោកបន្ថែមថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ានម៉ា គឺកំពុងតែដុនដាបខ្លាំងឡើង។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា វិធានការកាន់តែខ្លាំងក្លាឡើង ត្រូវបានគេរំពឹងថា នឹងមានក្នុងពេលឆាប់ៗនេះ ស្របពេលដែលសហភាពអឺរ៉ុប បន្តធ្វើការផ្តោតគោលដៅលើពាណិជ្ជកម្ម ដែលកាន់កាប់ដោយយោធា ៕
ប្រែសម្រួល៖ ប៉ាង កុង
