ព័ត៌មានអន្តរជាតិ

ថៃ បដិសេធឈប់បន្តគាំទ្រ យោធាមីយ៉ានម៉ា

បរទេស៖ នាយករដ្ឋមន្ត្រៃប្រទេសថៃ តាមសេចក្តីរាយការណ៍ បានបដិសេធឈប់ជួយ ដល់យោធារបស់ ប្រទេសមីយ៉ានម៉ា ស្របពេលមានការបង្ក្រាប កំពុងតែប្រព្រឹត្តទៅប្រឆាំងនឹង បាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ។

លោកនាយករដ្ឋមន្ត្រី ប្រាយុត ចាន់អូចា បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក មិនផ្តល់ការគំាទ្រណាមួយ ចំពោះកងកម្លាំងរបស់ប្រទេសមីយ៉ានម៉ាទេ ដែលបានរក្សាអំណាច ចាប់តាំងពីធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈមក។
សេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីថៃនេះ គឺត្រូវបានធ្វើឡើង ក្រោយមានសេចក្តីរាយការណ៍ថា កងទ័ពថៃបានបញ្ជូនអង្ករ៧០០ការុង ទៅឲ្យអង្គភាពទ័ពមីយ៉ានម៉ា នៅតាមព្រំដែនភាគខាងកើតប្រទេសមីយ៉ានម៉ា។ ប្រទេសទាំងពីរ មានព្រំដែនជាប់គ្នា ប្រវែង១.៥០០ម៉ាយ។

លោកនាយករដ្ឋមន្រ្តីថៃ បានមានប្រសាសន៍ប្រាប់ថា ប្រទេសថៃបានបញ្ជូនអង្ករ ទៅឲ្យប្រជាជននៅតាមតំបន់ព្រំដែន សម្រាប់ហេតុផលមនុស្សធម៌ និងថា រដ្ឋាភិបាលថៃមានទំនាក់ទំនង ជាយូរមកហើយ ជាមួយអ្នកស្រុក អ្នកភូមិ នៅតាមព្រំដែន ដែលមានប្រភពកំណើត មកពីមីយ៉ានម៉ា៕

ប្រែសម្រួល៖ប៉ាង កុង

To Top