ព័ត៌មានអន្តរជាតិ

អាមេរិក ស្វាគមន៍ កិច្ចប្រជុំរវាង អ៊ីរ៉ង់ និងមហាអំណាច ពិភពលោក ដឹកនាំដោយសហភាពអឺរ៉ុប

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនស្វាគមន៍កិច្ចប្រជុំនិម្មិត ដែលដឹកនាំដោយសហភាពអឺរ៉ុប នៃគណៈកម្មការចម្រុះនៃផែនការសកម្មភាពរួម (JCPOA) ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក P5+1 នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “យើងស្វាគមន៍កើប្រជុំមួយនេះ ដែលការស្វាគមន៍នេះជាជំហានវិជ្ជមាន” ។

លោក Price លើកឡើងថា“ យើងបានដឹងច្បាស់អស់រយៈពេលជាច្រើនសប្តាហ៍ហើយថា យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការវិលត្រឡប់ទៅរកការអនុលោមតាមការប្តេជ្ញាចិត្ត JCPOA របស់យើង ស្របជាមួយអ៊ីរ៉ង់ ក៏ធ្វើដូចគ្នាដែរ” ។

លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានជជែកជាមួយដៃគូ អំពីវិធីល្អបំផុត ដើម្បីសម្រេចគោលបំណងនេះ រួមទាំងតាមរយៈជំហានដំបូងៗ ទៅវិញទៅមក។

សហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅមុនថ្ងៃនោះថា អ្នកតំណាងចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ នឹងជួបគ្នានៅថ្ងៃទី ២ ខែមេសានេះ ដើម្បីពិភាក្សាពីលទ្ធភាពនៃការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅកាន់ផែនការសកម្មភាពរួម JCPOA ដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាដើម។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងប្រឈមមុខដាក់គ្នាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ រដ្ឋបាលលោក ចូ បៃដិន បានឲ្យដឹងថា ប្រសិនបើអ៊ីរ៉ង់វិលត្រឡប់ទៅរកការគោរពពេញលេញជាមួយ JCPOA សហរដ្ឋអាមេរិក នឹងធ្វើដូចគ្នាដែរ ប៉ុន្តែអ៊ីរ៉ង់ បានទទូចថា ការអនុលោមរបស់ខ្លួននឹងធ្វើឡើងនៅពេលដែលទណ្ឌកម្មអាមេរិកត្រូវបានដកចេញ៕ដោយ ឈូក បូរ៉ា

To Top