បរទេស៖ តុលាការរដ្ឋបាលកណ្តាល របស់ប្រទេសថៃ នៅថ្ងៃសុក្របានលុបចោល បទបញ្ជារបស់ក្រសួងហិរញ្ញវត្ថុ ដែលឱ្យអតីតនាយករដ្ឋមន្រ្តី លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បង់ប្រាក់សំណង ចំនួន ៣៥,៧ ពាន់លានបាត សម្រាប់គម្រោងសន្យាទិញ ស្រូវរបស់រដ្ឋាភិបាល ដែលបានខាតបង់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការបាន រកឃើញថា ដីកាលេខ ១៣៥១/២៥៥៩ ចេញនៅខែតុលាឆ្នាំ ២០១៦ មិនត្រឹមត្រូវតាមច្បាប់នោះទេ ព្រោះអំពើពុករលួយក្នុង ដំណើរការនេះដែលរួមមានការ បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់កសិករ, ការប្រើប្រាស់អង្ករបរទេសខុសច្បាប់ក្នុងគ្រោងការណ៍, កិច្ចសន្យាការស្តុកទុកស្រូវ និងការលក់ស្រូវពីរដ្ឋាភិបាល ទៅរដ្ឋាភិបាល ក្លែងក្លាយ បានកើតឡើង នៅកម្រិតប្រតិបត្តិការ។
លោកស្រីយីងឡាក់ដឹង ត្រឹមតែអនុស្សារណៈ នៃការយោគយល់គ្នា សម្រាប់ការលក់អង្ករដែលបានសន្យា G2G និងមានការប៉ុនប៉ងស៊ើបអង្កេត អំពើពុករលួយនៅក្នុងគ្រោងការណ៍នេះ។ តុលាការបាននិយាយថា លោកស្រី យីងឡាក់មិនមានចេតនាអនុញ្ញាតឱ្យមានអំពើពុករលួយកើនឡើងទេ។
តុលាការបានឱ្យដឹងទៀតថា ក្រៅពីនេះក្រសួងហិរញ្ញវត្ថុបានសារភាពថា មិនមានភ័ស្តុតាង ច្បាស់លាស់ដែលបញ្ជាក់ថា លោកស្រីយីងឡាក់ ទទួលខុសត្រូវដោយផ្ទាល់ ចំពោះការខូចខាតដែលបណ្តាល មកពីគ្រោងការណ៍នេះ នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា