ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ បន្ថែមការស៊ើបអង្កេត ក្រោយរកឃើញ គ្រាប់បែកដៃជាង ១០០គ្រាប់ និងគ្រាប់កាំភ្លើង M16 ចំនួន ៦ពាន់គ្រាប់ ដែលគ្រោងបញ្ជូនទៅមីយ៉ាន់ម៉ា

បរទេស៖ ប៉ូលីសប្រទេសថៃ កំពុងតែពង្រីកការស៊ើបអង្កេត ទៅលើការរឹបអូសគ្រាប់បែកដៃបានជាង ១០០ គ្រាប់ និងគ្រាប់រំសេវ ៦ ០០០ គ្រាប់ នៅក្នុងស្រុក Mae Sai នៃខេត្តឈៀងម៉ៃ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គស្នងការរងប៉ូលីសជាតិលោក ស៊ូឆាត ធីរ៉ាសាវ៉ាត បាននិយាយថា ការរឹបអូសបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមីនា បន្ទាប់ពីបុគ្គលិកសេវាកម្មចែកចាយម្នាក់មានការសង្ស័យ ហើយក៏បានប្រាប់ប៉ូលីសក្នុងតំបន់។ មន្ត្រីជំនាញបានឆែកឆេររកឃើញកញ្ចប់និងរកឃើញគ្រាប់បែកដៃចំនួន ១១៥ គ្រាប់ និងគ្រាប់កាំភ្លើង M១៦ ចំនួន ៦០០០ គ្រាប់ ។

កញ្ចប់ទាំងនេះ ត្រូវបានបញ្ជូនមកពីខេត្តចំនួនបីផ្សេងគ្នា គឺខេត្តឈុនបូរី ខេត្ត Nakhon Pathom និងខេត្ត Nakhon Si Thammarat ទៅកាន់ការិយាល័យសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកជាប់ព្រំដែន ដែលពួកគេត្រូវប្រមូល និងបញ្ជូនទៅអាសយដ្ឋានមួយនៅប្រទេសមីយ៉ាន់ម៉ា៕

ប្រែសម្រួលៈ ណៃ តុលា

To Top