បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអាមេរិកនឹងត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីអាចបង្កើនវត្តមានយោធា នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃការតាំងចិត្ត របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ចំពោះអង្គការណាតូ ប៉ុន្តែវាត្រូវបានគេមើលឃើញថា មានភាពផ្ទុយគ្នា ពីផែនការរបស់ រដ្ឋាភិបាលអាមេរិកអាណិត្តមុន។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង ដោយផ្ទាល់ដោយលោករដ្ឋមន្ត្រី ការពារជាតិ អាមេរិក Lloyd Austin កាលពីថ្ងៃអង្គារ និងដោយបានបញ្ជាក់ទៀតថា អាមេរិកដាក់ប្រចាំការយោធា របស់ខ្លួនប្រមាណជា៥០០នាក់ ទៀត នៅក្នុងតំបន់ Wiesbaden ហើយយ៉ាងលឿនបំផុត។
សេចក្តីប្រកាស និងការប្តេជ្ញាចិត្ត របស់អាមេរិកចំពោះបញ្ហានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភាគីទាំង អាមេរិកនិងណាតូ បានបង្ហាញក្តីបារម្ភខ្លាំង អំពីការកើនឡើង នៃវត្តមានរបស់យោធារុស្សីនៅក្នុងតំបន់ព្រំដែន ជាមួយនឹងអ៊ុយក្រែន ភាគខាងកើត ដែលវាក្លាយជា ចំនួនច្រើនបំផុត មិនធ្លាប់មានតាំងតែពីឆ្នាំ២០១៤។
នៅក្នុងសេចក្តីថ្លែងនោះផងដែរលោក Austin បាននិយាយថាយោធា អាមេរិកក្នុងប្រទេសអាល្លឺម៉ង់ នឹងអាចពង្រឹងនិងការពារដែនដី របស់អ៊ឺរ៉ុបឲ្យមានសុវត្ថិភាព ហើយជាពិសេសសមត្ថភាព ក្នុងការទប់ស្កាត់ ជម្លោះនានា ដោយយោធាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី