ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ មានការរីកចម្រើនខ្លះ ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ និងអាចមានកិច្ចព្រមព្រៀង បណ្ដោះអាសន្ន

បរទេស៖ មន្ត្រីអ៊ីរ៉ង់បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានធ្វើឲ្យមានភាពរីកចម្រើនខ្លះៗ ស្តីពីមធ្យោបាយស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ហើយកិច្ចព្រមព្រៀងបណ្ដោះអាសន្ន អាចនឹងជាផ្លូវមួយ ដើម្បីទទួលបានពេលវេលា សម្រាប់ដំណោះស្រាយយូរអង្វែង។

ទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោកនានា បានជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែន ចាប់តំាំងពីដើមខែមេសាមក ដើម្បីធ្វើការងារលើវិធានការ ដែលត្រូវធ្វើឡើងទាក់ទងនឹងទណ្ឌកម្មអាមេរិក និងការបំពានរបស់អ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនោះ ដើម្បីនាំឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់វិលអនុវត្តទាំងស្រុង តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយប្រាប់សន្និសីទកាសែតមួយ ក្នុងទីក្រុងតេអេរ៉ង់ដូច្នេះថា “យើងកំពុងដើរលើផ្លូវត្រឹមត្រូវ ហើយភាពរីកចម្រើនខ្លះបានកើតមាន ប៉ុន្តែនេះមិនមែនមានន័យថា កិច្ចពិភាក្សាក្នុងទីក្រុងវីយែន បានឈានដល់ចំណុចចុងក្រោយនោះទេ”។

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រថា “ដំណោះស្រាយជាក់លាក់ នៅស្ថិតនៅឆ្ងាយនៅឡើយ ប៉ុន្តែយើងបានប្តូរចេញពីពាក្យទូទៅធម្មតា មកជាការព្រមព្រៀង លើវិធានការជាក់លាក់ ឆ្ពោះទៅរកគោលដៅ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top