បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស នៅថ្ងៃពុធបានឲ្យដឹងថាប្រទេសក្រិក និងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ កិច្ចព្រមព្រៀងខ្ចីយកប្រព័ន្ធមីស៊ីល ការពារដែនអាកាស Patriot ដើម្បីអាចឲ្យប្រទេសនៅអារ៉ាប់មួយនេះអាច
យកទៅប្រើប្រាស់ក្នុងការការពារ ទីតាំងផលិតថាមពលរបស់ខ្លួន។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីការពារប្រទេសក្រិកលោក Nikos Dendias នៅក្រោយនៃការបញ្ចប់ទៅកិច្ចប្រជុំ ពិភាក្សាគ្នាដែលមានភាគីផ្សេងទៀត ដូចជាលោករដ្ឋមន្ត្រីការពារជាតិក្រិក Nikos Panagiotopoulos និងលោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhain ផងដែរនៅក្នុងទីក្រុង Riyadh។

លោក Dendias បានក៏បានថ្លែងដែរថា ប្រព័ន្ធការពារដែនអាកាសមួយនេះ នឹងត្រូវដឹកជញ្ជូនមកដល់អារ៉ាប៊ីសាអូឌីត ហើយក្រៅពីនោះក៏នឹង មានសកម្មភាពផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាមួយនឹងក្រុមប្រឹក្សាសហប្រតិបត្តិការ ជាមួយនឹងបណ្តាប្រទេសនៅឈូងសមុទ្រ Gulf ផ្សេងទៀតផងដែរ។
ប្រព័ន្ធការពារមីស៊ីល ដែលជាផលិតផលរបស់អាមេរិកមួយនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការពារ ទីតាំងផលិតថាមពលរបស់អារ៉ាប៊ីសាអូឌីត ដែលកន្លងមក តែងតែត្រូវបានរងការ វាយប្រហារដោយក្រុមឧទ្ធាម Houthi គិតចាប់តាំងតែពីឆ្នាំ២០១៥ ៕
ប្រែសម្រួល៖ ស៊ុន លី
