ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត ចំនួន០២គ្រាប់ ផ្លោងចូលមូលដ្ឋាន យោធាអាកាស របស់សហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់ បាននិយាយថា គ្រាប់រ៉ុក្កែត Katyusha ចំនួន០២គ្រាប់ កាលពីថ្ងៃអង្គារ បានផ្លោងចូលមូលដ្ឋាន ទ័ពអាកាស របស់សហរដ្ឋអាមរិក ដែលជាកងកម្លាំង ចម្រុះដឹកនាំដោយ សហរដ្ឋអាមេរិក នៅខេត្ត Anbar ស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ។

សេចក្តីប្រកាសព័ត៌មានខ្លីមួយ ចេញដោយការិយាល័យ ព័ត៌មានចំណុះ ឲ្យសេនាធិការចម្រុះ បានឲ្យដឹងថា គ្រាប់រ៉ុក្កែតចំនួន០២គ្រាប់ បានធ្លាក់ដល់ដី នៅក្នុងតំបន់ដែលទទេ នៅក្នុងមូលដ្ឋានទ័ពអាកាស Ayn al-Asad ដោយមិនបង្កឲ្យ មានអ្នកស្លាប់ឡើយ ។

ប្រភពចេញពីយោធា អ៊ីរ៉ាក់មួយរូប ដែលសុំមិនបញ្ចេញ អត្តសញ្ញាណ បានប្រាប់ដល់ស៊ីនហួ ថា គ្រាប់រ៉ុក្កែត បានបាញ់ចេញពីមូលដ្ឋាន ទ័ពអាកាសពីភូមិ al-Biyader ស្ថិតនៅភាគខាងកើតក្រុង al-Baghdadi ចម្ងាយប្រមាណ១៩០គីឡូម៉ែត្រ ភាគពាយព្យ នៃរដ្ឋធានីបាដាដ ។

ការវាយប្រហារ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានគ្រាប់រ៉ុក្កែតដូចគ្នា គឺ Katyusha ចំនួន០៣គ្រាប់ ដែលបានដាក់គោលដៅ មូលដ្ឋានទ័ពអាកាស Balad Air ចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើង ក្រុងបាដាដ ដោយមិនបង្កឲ្យ មានអ្នកស្លាប់ឡើយ ។

មិនទាន់មានក្រុមណាមួយ អះអាងឆ្លើយតបទៅនឹង ការវាយប្រហារនេះនៅឡើយទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top