ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្វាគមន៍ទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីត ខណៈកំពុងជាប់គាំង ជាមួយអាមេរិក

តេអេរ៉ង់៖ ការធ្វើទស្សនកិច្ចដោយ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា អ៊ីរ៉ង់ មានឆន្ទៈក្នុងការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីត  នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីស៊ីរីរបស់លោក គឺលោក Faisal Mekdad លោក Zarif បានលើកឡើងថា អ៊ីរ៉ង់បានបង្កើតទំនាក់ទំនងមួយចំនួនជាមួយអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។

លោកបានលើកឡើងថា “យើងពិតជាត្រៀមខ្លួនហើយយើងតែងតែត្រៀមខ្លួន សម្រាប់ទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីត។ យើងប្រាកដថាបងប្អូនស៊ីរីរបស់យើង តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយពិភពអារ៉ាប់” ។

សម្រាប់ផ្នែករបស់លោកវិញលោក Mekdad បានលើកឡើងថា ប្រទេសស៊ីរី តែងតែចង់នាំទស្សនៈរបស់រដ្ឋអារ៉ាប់ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សុន្ទរកថារបស់លោកធ្វើឡើងចំពេលមានការលេចធ្លាយប្រព័ន្ធផ្សព្វផ្សាយថា មន្រ្តីអារ៉ាប៊ីសាអូឌីត បានជួបពិភាក្សាជាមួយប្រជាជនស៊ីរី ជុំវិញការបង្កើតទំនាក់ទំនងការទូតឡើងវិញ និងការបើកស្ថានទូតអារ៉ាប់នៅប្រទេសស៊ីរី។

លោក Mekdad ក៏បានសម្តែងការគាំទ្រដល់ប្រទេសរបស់លោក ចំពោះការចរចា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ ហើយលោកបានលើកឡើងថា “យើងគាំទ្រយ៉ាងពេញទំហឹងចំពោះការចរចាររវាងអ៊ីរ៉ង់ និងភាគីពាក់ព័ន្ធដទៃទៀត។ យើងគាំទ្រភាគីអ៊ីរ៉ង់ នៅក្នុងការទាមទារដ៏ត្រឹមត្រូវរបស់ពួកគេ”៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top