ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្ម លើមន្រ្តីរដ្ឋាភិបាល មីយ៉ាន់ម៉ា ១៦រូបទៀត ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារយោធា

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងក្រុមប្រឹក្សា រដ្ឋបាលមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាង ១០រូបបន្ថែមទៀត ដើម្បីជាការ ឆ្លើយតប នឹងរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ក្រសួងរតនាគារអាមេរិក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ខ្លួនបានចុះបញ្ជីបុគ្គល ១៦រូប ដែលជាប់ទាក់ទង នឹងរបបយោធា ក្នុងនោះរួមមានសមាជិកក្រុមប្រឹក្សារដ្ឋបាល របស់ប្រទេសចំនួន ៤រូប មន្រ្តីយោធាចំនួន ៣រូប ដែលត្រូវបានចាត់តាំងពីមុន និងមន្រ្តីជាន់ខ្ពស់ ៩ រូបទៀត។

សេចក្តីថ្លែងការណ៍ បានចោទប្រកាន់ក្រុមប្រឹក្សារដ្ឋបាល របស់ប្រទេសនេះថា ត្រូវបានបង្កើតឡើង ដោយយោធា ដើម្បីគាំទ្រដល់ការ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ដែលបានបោះឆ្នោត តាមបែបប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី។

ស្ថានភាពអាសន្នរយៈពេលមួយឆ្នាំត្រូវបានប្រកាស នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំនេះហើយ អំណាចរដ្ឋត្រូវបានប្រគល់ ទៅឱ្យអគ្គមេបញ្ជាការ នៃសេនាធិការការពារជាតិ លោកឧត្តមសេនីយមីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលទើបបង្កើតថ្មី ៕
ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top