ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ IAEA ៖ កិច្ចពិភាក្សាគ្នា ជាមួយអ៊ីរ៉ង់ នៅតែបន្ត ស្របពេល ដែលកិច្ចព្រមព្រៀង ឃ្លាំមើលជិតផុតកំណត់

បរទេស ៖ ទីភ្នាក់ងារឃ្លាំមើល នុយក្លែអ៊ែ របស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននៅតែកំពុងពិភាក្សាគ្នា ជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីវិធីដំណើរការកិច្ចព្រមព្រៀងឃ្លាំមើលមានរយៈពេល៣ខែ ដែលនឹងផុតកំណត់ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបានបន្ថែមថា ខ្លួននិងផ្តល់ព័ត៌មានថ្មីមួយ នៅក្នុងពេលប៉ុន្មានថ្ងៃទៀត ។

ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ IAEA និងប្រទេសអ៊ីរ៉ង់ បានប្រកាស កាលពីខែកុម្ភៈថា បើទោះជាទីក្រុង តេអេរ៉ង់ នឹងកាត់បន្ថយ សហប្រតិបត្តិការ ជាមួយទីភ្នាក់ងារនេះ ដោយរួមចូលទាំងការបញ្ចប់ ការត្រួតពិនិត្យភ្លាមៗក៏ដោយ ក៏ពួកគេបានធ្វើកិច្ចព្រមព្រៀងមួយ បន្តសកម្មភាពឃ្លាំមើល និងបញ្ជាក់ដ៏ចាំបាច់នានា របស់ IAEA នៅក្នុងប្រទេសអ៊ីរ៉ង់ដែរ ។

តាមសេចក្តីរាយការណ៍ ការរៀបចំបែបនេះ គឺមានសារៈសំខាន់ចំពោះការរក្សាកិច្ចពិភាក្សា ដោយប្រយោល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក លើការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ហើយមន្ត្រីការទូតជាន់ខ្ពស់ មកពីបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានព្រមានកាលពីថ្ងៃពុធថា ការស្វែងរកដំណោះស្រាយមួយ គឺសំខាន់ខ្លាំងណាស់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារ IAEA បាននិយាយដូច្នេះថា “ទីភ្នាក់ងារ និងប្រទេសអ៊ីរ៉ង់ នាពេលបច្ចុប្បន្នកំពុងតែពិភាក្សាគ្នា ចំពោះការអនុវត្ត នូវការយោគយល់គ្នា ដែលមានស្រាប់ ហើយលោកអគ្គនាយក នឹងផ្តល់ព័ត៌មានថ្មី ដល់ក្រុមប្រឹក្សាភិបាល (IAEA) នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ”៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top