ព័ត៌មានអន្តរជាតិ

IOM៖ ជនអន្តោប្រវេសន៍ខុសច្បាប់ជិត ១.៥០០នាក់ ត្រូវបានជួយសង្គ្រោះចេញពី ដែនទឹកនៃប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ (IOM) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត ១.៥០០នាក់ ត្រូវបានជួយសង្គ្រោះចេញពី ឆ្នេរសមុទ្រនៃប្រទេសលីប៊ី ជាងមួយសប្តាហ៍កន្លងមកនេះ ។

ទីភ្នាក់ងារជនអន្តោប្រវេសន៍ នៃអង្គការសហប្រជាជាតិ (UN)បានឲ្យដឹងថា “ក្នុងអំឡុងពេល គឺថ្ងៃទី១៦ដល់២២ ខែឧសភា ជនអន្តោប្រវេសន៍ចំនួន១.៤៨៩នាក់ ត្រូវបានជួយសង្គ្រោះនៅលើដែនសមុទ្រ និងបាននាំមកកាន់លីប៊ីវិញ” ។ ទីភ្នាក់ងារបានបន្ថែមថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៩.៦៥៩នាក់ ក្នុងនោះរាប់ទាំងស្ត្រីចំនួន ៦៧៨នាក់ និងអនីតិជនចំនួន ៤២៤នាក់ ត្រូវបានជួយសង្គ្រោះ និងបាននាំឲ្យវិលត្រឡប់មកកាន់លីប៊ីវិញ នៅក្នុងឆ្នាំនេះ ។

ទីភ្នាក់ងារបានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៧៣នាក់ បានស្លាប់ និង៤៥៩នាក់ផ្សេងទៀត បានបាត់ខ្លួននៅឆ្នេរសមុទ្រលីប៊ី នៅច្រកដែនទឹកនៃសមុទ្រមេឌីទែរ៉ាណេ គិតក្នុងឆ្នាំនេះ ។

លីប៊ី បានរងគ្រោះដោយភាពអសន្តិសុខ និងមានភាពចលាចលចាប់តាំងពី បានដួលរលំរបបដឹកនាំ Muammar Gaddafi នៅក្នុងឆ្នាំ២០១១ ដែលធ្វើឲ្យប្រទេសនៅអាហ្វ្រិកខាងជើង មួយនេះក្លាយជាចំណុចចាប់ផ្តើម នៃការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ខុសច្បាប់រាប់ពាន់នាក់ ដែលចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់ឆ្នេរខ្សាច់តំបន់អឺរ៉ុប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top