ព័ត៌មានអន្តរជាតិ

ចិនលើកទឹកចិត្តឲ្យ ប្រជាជនប្រកាន់ខ្ជាប់គំនិត «ការសន្សំសំចៃ ជារឿងមានកិត្តិយស ការខ្ជះខ្ជាយជារឿងគួរឱ្យអាម៉ាស់»

មិនថាកាលពីអតីតកាល ឬមួយក៏បច្ចុប្បន្នកាលនោះទេ ស្បៀងអាហារគឺសំខាន់បំផុត សម្រាប់ទ្រទ្រង់អាយុជីវិតរបស់ មនុស្សជាតិគ្រប់រូប នៅលើភពផែនដីយើងនេះ ។ យ៉ាងណាមិញ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើង វិបត្តិស្បៀងអាហារជាបញ្ហាប្រឈម ដ៏ធំបំផុតចំពោះការអភិវឌ្ឍ សន្តិសុខសង្គម ស្ថិរភាពនិងវិបុលភាពនៃប្រទេសនីមួយៗ ក៏ដូចជាមានទំនាក់ទំនង យ៉ាងស្អិតល្មួតជាមួយកត្តា ដែលនាំឱ្យកើតមានភាពក្រីក្រផងដែរ ។

មើលតាមប្រវត្តិសាស្ត្រ គ្រោះទុរ្ភិក្សធ្លាប់បានកើតឡើង នៅស្ទើរតែគ្រប់ប្រទេសទាំងអស់លើពិភពលោក ជាពិសេសគឺប្រទេសដែលមានចំនួន ប្រជាជនច្រើនតែមានទិន្នផល ស្បៀងអាហារមិនគ្រប់គ្រាន់ ។

និយាយពីប្រទេសចិន ដែលមានចំនួនប្រជាជនច្រើន ជាងគេលើពិភពលោក បើយើងធ្លាប់ទស្សនានូវរឿងភាគចិនបុរាណ ឬធ្លាប់ស្វែងយល់ពីប្រវត្តិសាស្ត្រចិន យើងនឹងឃើញថា មិនថាក្នុងសម័យកាល ដ៏រុងរឿងថ្កុំថ្កើងយ៉ាងណាក្តី ក៏តែងមានគ្រោះទុរ្ភិក្សកើតឡើងនៅតំបន់មួយចំនួនដែរ ។ ដូចនេះ តាំងពីបុរាណកាលមក ចិនក៏មានសុភាសិតមួយឃ្លាពោលថា៖ «ប្រជាជនតម្កល់ទុកស្បៀងអាហារ ជាទីបង្អែកសំខាន់បំផុត សម្រាប់ទ្រទ្រង់ការរស់នៅ» ។

អាស្រ័យហេតុនេះ ការធ្វើឱ្យប្រជាជនគ្រប់រូបហូប បានឆ្អែតមិនត្រឹមតែជាគោលនយោបាយ សំខាន់បំផុតនៃការកាន់អំណាចរបស់ ថ្នាក់ដឹកនាំជាតិគ្រប់ជំនាន់នៃប្រទេសចិន រាប់តាំងពីសម័យបុរាណមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិសដៅខិតខំប្រឹងប្រែង របស់អ្នកវិទ្យាសាស្ត្រផ្នែក កសិកម្មជាច្រើនជំនាន់ផងដែរ ។

ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ ផ្នែកកសិកម្មល្បីៗរបស់ចិន លោក Yuan Longping បិតាស្រូវហាយប៊្រីត (ស្រូវបង្កាត់) របស់ប្រទេសចិនដែលទើបទទួល មរណភាពកាលពីពេលថ្មីៗនេះ បានប្រើពេលពេញមួយជីវិតរបស់ខ្លួន ដើម្បីសិក្សាស្រាវជ្រាវអំពី ការបង្កាត់ពូជស្រូវដែលអាចហុចផលខ្ពស់ ។ ក្តីសុបិននិងឧត្តមគតិពេញមួយជីវិតរបស់លោកគឺ «ធ្វើឱ្យប្រជាជនទាំងអស់លើ ពិភពលោកមិនរងភាពអត់ឃ្លាន» ។ បច្ចុប្បន្ន លោកបានធ្វើឱ្យប្រជាជនចិនជាង ១៤០០ លាននាក់មានស្បៀងអាហារ បរិភោគបានគ្រប់គ្រាន់ ហើយមានប្រទេសជាច្រើន លើលោកក៏បានដាំស្រូវបង្កាត់ដែល សិក្សាស្រាវជ្រាវដោយរូបលោក ក្នុងនោះក៏បូករួមទាំងប្រទេសកម្ពុជាផងដែរ ។

លោក Parviz Koohafkan ប្រធានមូលនិធិបេតិភណ្ឌវប្បធម៌ កសិកម្មពិភពលោកបានថ្លែង បន្ទាប់ពីមរណភាពរបស់លោក Yuan Longping ថា លោកបានចូលរួមចំណែកយ៉ាងធំធេង ចំពោះសន្តិសុខស្បៀងអាហារ និងការកាត់បន្ថយភាពក្រីក្រ នៃប្រទេសចិននិងពិភពលោក។

នៅក្នុងកាលៈទេសៈជាច្រើន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងប្រើពាក្យ«ការសន្សំសំចៃជារឿងមានកិត្តិយស ការខ្ជះខ្ជាយជារឿងគួរឱ្យអាម៉ាស់» ដើម្បីលើកទឹកចិត្តនិងជំរុញឱ្យ ប្រជាជនចេះសន្សំសំចៃចំណីអាហារ ។ ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ន ប្រជាជនចិនដែលស្ថិតក្រោមខ្សែបន្ទាត់ភាពក្រីក្រ បានចេញផុតពីភាពក្រីក្រទាំងអស់ហើយក្តី ប៉ុន្តែមេរៀនប្រវត្តិសាស្ត្របានបញ្ជាក់ថា ការខ្ជះខ្ជាយចំណីអាហារវាជា កត្តាដ៏សំខាន់មួយដែលបណ្តាល ឱ្យកើតមានវិបត្តិស្បៀងអាហារ ។

កាលពីពេលថ្មីៗកន្លងទៅនេះ «ច្បាប់ប្រឆាំងការខ្ជះខ្ជាយចំណីអាហារ» ដែលជាច្បាប់ដំបូងបង្អស់របស់ប្រទេសចិន ដែលមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះសកម្មភាពខ្ជះខ្ជាយ ចំណីអាហារបានចូលជាធរមាន ។ ប្រការនេះមានន័យថា ទាំងសហគ្រាស រោងសិប្បកម្ម ភោជនីយដ្ឋាន ឬកន្លែងពាក់ព័ន្ធការផលិតស្បៀងនិងចំណីអាហារ ព្រមទាំងប្រជាពលរដ្ឋណា ដែលប្រព្រឹត្តសកម្មភាពខ្ជះខ្ជាយស្បៀង និងចំណីអាហារនឹងត្រូវប្រឈមមុខ ចំពោះការពិន័យតាមផ្លូវច្បាប់ ។

ជាក់ស្តែង ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះ នៅលើពិភពលោកគឺមានប្រជាជនជាច្រើន កំពុងស្ថិតក្នុងភាពអត់ឃ្លានដដែល ។ ប្រសិនជាមិនដាក់កំហិត ចំពោះសកម្មភាពខ្ជះខ្ជាយទេនោះ វាអាចនឹងមានវិបត្តិស្បៀងអាហារ កើតឡើងនៅតំបន់កាន់តែច្រើនឡើងៗជាមិនខាន ។

ពាក្យចិនមួយឃ្លាពោលថា «ផឹកទឹកនឹកប្រភពដើម» ការសន្សំសំចៃចំណីអាហារមិនត្រឹមតែ ជាគុណធម៌ដ៏ល្អប្រពៃនោះទេ ប៉ុន្តែក៏ជាការគោរពចំពោះបុគ្គលទាំងឡាយ ដែលបានប្រើអស់កម្លាំងកាយចិត្ត ពេញមួយជីវិតដើម្បីឱ្យយើងគ្រប់គ្នា មានអាហារបរិភោគបានគ្រប់គ្រាន់ផងដែរ ។

ក្រៅពីស្បៀងអាហារ ធនធានធម្មជាតិក៏ជាវត្ថុដែលមានកម្រិតផងដែរ ពោលគឺមិនមែនជារបស់ដែលយើង អាចប្រើដោយមិនចេះអស់នោះទេ ប្រសិនជាមនុស្សយើងមិនខិតខំអភិរក្ស និងប្រើប្រាស់ដោយសន្សំសំចៃនោះទេ វិបត្តិជាច្រើននឹងកើតឡើងផ្ទួនៗ ហើយមនុស្សជាតិយើងក៏នឹង ត្រូវរងគ្រោះជាបន្តបន្ទាប់ជាមិនខាន ។ និយាយជារួម យើងទាំងអស់គួរតែមានមន សិការ​ចេះសន្សំសំចៃ ដើម្បីរួមគ្នាកសាងពិភពលោកមួយ ដែលមានការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងន័យបន្សល់ទុកធម្មជាតិដ៏ស្រស់ប្រិមប្រិយ និងធនធានធម្មជាតិដ៏សម្បូរបែប សម្រាប់មនុស្សជំនាន់ក្រោយៗទៀត ៕

(អត្ថបទដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top