បរទេស៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មសងសឹក លើមន្ត្រីអាមេរិកមួយរូបទៀត ដែលបានថ្កោលទោសការ គាបសង្កត់របស់ប្រទេសចិន លើសេរីភាពសាសនា។
ក្រសួងការបរទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលោក Johnnie Moore ជាអតីតឧត្តមស្នងការអាមេរិក ទទួលបន្ទុកកិច្ចការសេរីភាពសាសនាអន្តរជាតិ ដើម្បីជាការឆ្លើយតបចំពោះការ ចុះបញ្ជីខ្មៅរបស់អាមេរិក កាលពីថ្ងៃទី១២ ខែឧសភា លើមន្ត្រីរដ្ឋាភិបាលចិន លោក Yu Hui និងក្រុមគ្រួសាររបស់លោក មិនឲ្យចូលទៅសហរដ្ឋអាមេរិក ជុំវិញការបង្រ្កាបរបស់លោក លើអ្នកកាន់សាសនា Falun Gong។
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម លោក Yu Hui ក្រោយប្រគល់របាយការណ៍ប្រចាំឆ្នាំ២០២០ របស់ក្រសួងការបរទេស ស្តីពីសេរីភាពសាសនាអន្តរជាតិ ឲ្យដល់រដ្ឋសភា ដោយរបាយការណ៍នោះនិយាយថា ប៉ូលិសចិនបានចាប់ខ្លួនអ្នកកាន់សាសនា Falun Gong ជាង៦.៦០០នាក់ កាលពីឆ្នាំមិញ និងថា ទីក្រុងប៉េកាំងរក្សាជំហរសន្តិសុខ ដើម្បីលុបបំបាត់ចលនា Falun Gong។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិន កាលពីថ្ងៃពុធ បានប្រកាសហាមឃាត់លោក Moore និងក្រុមគ្រួសាររបស់លោក មិនឲ្យចូលប្រទេសចិន នៅក្នុងអំឡុងសន្និសីទកាសែតមួយ របស់ក្រសួងការបរទេស ៕
ប្រែសម្រួល៖ ប៉ាង កុង