ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលៗ មកពីរដ្ឋអឺរ៉ុបចំនួន ៤ ធ្វើដំណើរទៅទីក្រុងប៉េកាំង ដើម្បីពិភាក្សា ខណៈបញ្ហាទំនាក់ទំនងអឺរ៉ុប-ចិន កំពុងប្រេះស្រាំ

បរទេស៖ បន្ទាប់ពីសភាអឺរ៉ុបបានបញ្ឈប់ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគគ្រប់ជ្រុងជ្រោយរបស់សហភាពអឺរ៉ុប – ចិន កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសនៃប្រទេសអឺរ៉ុបចំនួនបួន បានទទួលយកការអញ្ជើញ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងគោលបំណងដើម្បីស្តារ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសយក្សសេដ្ឋកិច្ចមួយនេះឡើងវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងចិន គឺលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានថា នៅថ្ងៃសៅរ៍នេះប្រមុខការទូត មកពីប្រទេសស៊ែរប៊ី និងប្រទេសជាសមាជិកសហភាពអឺរ៉ុប គឺ ប្រទេស អៀរឡង់ ប៉ូឡូញ និង ប្រទេសហុងគ្រី នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង និងជួបដោយឡែកជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី។

លោក Zhao Lijian បានពណ៌នាប្រទេសទាំង ៤ ថាជា“ ដៃគូសហប្រតិបត្តិការសំខាន់របស់ចិននៅអឺរ៉ុប” ដោយកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចនេះពួកគេនឹងពិភាក្សាអំពី“ ទំនាក់ទំនងទ្វេភាគីកិច្ចសហប្រតិបត្តិការក្នុងតំបន់ទំនាក់ទំនងចិន – អឺរ៉ុបនិងបញ្ហាផ្សេងទៀតដែលជាកង្វល់រួម” ។

ប្រទេសចិនសង្ឃឹមថា នឹងបង្កើនជំនឿទុកចិត្តគ្នាទៅវិញ ទៅមកផ្នែកនយោបាយនិងធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីជម្រៅ ជាមួយប្រទេសទាំងបួន តាមរយៈការធ្វើទស្សនកិច្ចនេះ និងរួមគ្នាលើកកម្ពស់ការស្តារសេដ្ឋកិច្ច ក្រោយឆ្លងរាលដាល ដើម្បីជំរុញកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងចិនជាមួយប្រទេសទាំង ៤ និងសម្រេចបាននូវការអភិវឌ្ឍទូលំទូលាយនិងមានតុល្យភាពនៃទំនាក់ទំនងចិន – អឺរ៉ុប” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top