ព័ត៌មានអន្តរជាតិ

លោក Blinken៖ អាមេរិក និងឥណ្ឌា រួមសាមគ្គីគ្នាដោះស្រាយ បញ្ហាជម្ងឺកូវីដ១៩

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា រួបរួមសាមគ្គីគ្នា ក្នុងការព្យាយាមដោះស្រាយ ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩ទាំងអស់គ្នា ហើយទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាជួយឥណ្ឌា ចំពោះវិបត្តិមេរោគកូរ៉ូណានេះ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ដែលបានទៅធ្វើទស្សនកិច្ចសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ស្វះស្វែងរកជំនួយ ស្របពេលដែលមានរលកឆ្លងជម្ងឺកូវីដ១៩ជាលើកទី២ដ៏អាក្រក់ នៅក្នុងប្រទេសនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសឥណ្ឌា សូមថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រនិងសាមគ្គីភាពដ៏ខ្លាំងក្លា។

លោក Antony Blinken តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងថ្ងៃមុនមានជម្ងឺកូវីដ ប្រទេសឥណ្ឌានៅទីនោះដើម្បីសហរដ្ឋអាមេរិក ដែលនោះជារឿងដែលយើងមិនបំភ្លេច ហើយក្នុងពេលបច្ចុប្បន្ន យើងចង់ធ្វើឲ្យប្រាកដក្នុងចិត្តថា យើងនៅទីនោះដើម្បីប្រទេសឥណ្ឌាដូចគ្នា”។

លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងឥណ្ឌា គឺមានសារៈសំខាន់ រឹងមាំ និងមានអំណោយផលល្អជាខ្លាំង ហើយប្រទេសទាំងពីររួមសាមគ្គីគ្នា ក្នុងការប្រឈមមុខនឹងជម្ងឺកូវីដ១៩ទាំងអស់គ្នា៕

ប្រែសម្រួល៖ប៉ាង កុង

To Top