ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ក្រោយ OPEC+ ព្រមព្រៀងបន្ដផែនការ ទិន្នផលរបស់ខ្លួន

ញូវយ៉ក៖ តម្លៃប្រេងបានកើនឡើង កាលពីថ្ងៃអង្គារបន្ទាប់ពី បណ្ដាប្រទេសអ្នកផលិតធំៗ បានយល់ព្រមរក្សាយុទ្ធសាស្ត្រ ទិន្នផលបច្ចុប្បន្នរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រេងឆៅខាងលិចនៅរដ្ឋតិចសាស់ សំរាប់ចែកចាយនៅខែកក្កដា បានបន្ថែម ១,៤ ដុល្លារសហរដ្ឋអាមេរិក ដល់ត្រឹម ៦៧,៧២ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល នៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែសីហា បានកើនឡើង ៩៣ សេនដល់ជិត ៧០,២៥ ដុល្លារក្នុងមួយបារ៉ែល នៅផ្សារដោះដូរទីក្រុងឡុងដ៍ ICE។

អង្គការប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមានឈ្មោះថា OPEC + កាលពីថ្ងៃអង្គារបានយល់ព្រមបន្តផែនការ ដែលមានស្រាប់របស់ខ្លួន ដើម្បីបង្កើនផលិតកម្មប្រេងបន្តិចម្តង ៗ រហូតដល់ខែកក្កដា។

នៅក្នុងនោះដែរ ក្រុមនេះបានសម្រេចនៅខែមេសា ដើម្បីប្រគល់ប្រេងវិញប្រមាណ ២,១ លានបារ៉ែលក្នុងមួយថ្ងៃសំរាប់ផ្គត់ផ្គង់ ដល់ទីផ្សារក្នុងអំឡុងខែឧសភា ដល់ខែកក្កដា។

អង្គការ OPEC + បានកាត់បន្ថយទិន្នផលយ៉ាង ស៊ីជម្រៅកាលពីឆ្នាំមុន ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់តម្រូវការប្រេងពិភពលោក និងកំពុងស្តារផលិតកម្មឡើងវិញ ខណៈដែលការស្ទុះងើបសេដ្ឋកិច្ច នៅតែបន្តកើតមាននៅក្នុង តំបន់ភាគច្រើននៃពិភពលោក ៕

ដោយ ឈូក បូរ៉ា

To Top