ព័ត៌មានអន្តរជាតិ

នាវាចម្បំាង ដ៏ធំបំផុតរបស់អ៊ីរ៉ង់ ត្រូវបានអគ្គីភ័យឆាបឆេះ និងលិចចូលក្នុងឈូងសមុទ្រអូម៉ង់

តេហរ៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា នាវាចម្បាំងធំបំផុតនៅក្នុង កងទ័ពជើងទឹករបស់ប្រទេសអ៊ីរ៉ង់ បានឆាបឆេះ ហើយក្រោយមកបានលិចចូល ក្នុងឈូងសមុទ្រអូម៉ង់ ដែលស្ថិតក្នុងកាលៈទេសៈ មិនច្បាស់លាស់ដែលជា គ្រោះមហន្តរាយចុងក្រោយបង្អស់ ដែលវាយប្រហារលើនាវាមួយរបស់ប្រទេសនេះ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានភាពតានតឹង ជាមួយលោកខាងលិច ។

ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ២និង២៥នាទី ហើយក្រុមពន្លត់អគ្គីភ័យ ព្យាយាមទប់ស្កាត់ភ្លើងដែលឆេះនោះ ប៉ុន្តែកិច្ចប្រឹងប្រែងរបស់ពួកគេ បានបរាជ័យក្នុងការជួយសង្គ្រោះ នាវាដែលមានប្រវែង ២០៧ម៉ែត្រដែលត្រូវបាន ប្រើដើម្បីជួយកប៉ាល់ផ្សេងទៀត នៅក្នុងកងនាវានៅឯសមុទ្រ និងធ្វើសមយុទ្ធហ្វឹកហាត់ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នាវិក៤០០នាក់ និងកម្មសិក្សាហ្វឹកហាត់ នៅលើនាវានោះបានរត់គេចខ្លួន ដោយមានមនុស្ស៣៣នាក់រងរបួស ។

នាវាបានលិចនៅជិតកំពង់ផែ Jask របស់អ៊ីរ៉ង់ ចម្ងាយ១.២៧០គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងតេហរ៉ង់ នៅលើឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រហូមហ្សូ ដែលជាមាត់សមុទ្រតូចចង្អៀត នៃឈូងសមុទ្រពែរ្ស ។

រូបថតជាច្រើនត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមអ៊ីរ៉ង់ ដែលបានបង្ហាញថា នាវិកដែលពាក់អាវការពារជីវិតបានកំពុងពន្លត់នាវា ខណៈដែលមានភ្លើងឆេះនៅពីក្រោយពួកគេ។ សារព័ត៌មាន Fars បានផ្សព្វផ្សាយវីដេអូនៃផ្សែងខ្មៅក្រាស់ៗ ចេញពីកនាវានៅព្រឹកថ្ងៃពុធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top