ព័ត៌មានអន្តរជាតិ

រុស្ស៊ីចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ ដើម្បីឃ្លាំមើល យន្តហោះយោធាអាមេរិក

បរទេស៖ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ដែលយោងតាមសេចក្តី ថ្លែងការណ៍ទ័ពជើងទឹករុស្ស៊ី បានរាយការណ៍ថា រុស្ស៊ីបានចេញយន្តហោះចម្បាំង MiG-31 មួយគ្រឿងយ៉ាងប្រញាប់ ដើម្បីអមដំណើរឃ្លាំមើល យន្តហោះយោធា សហរដ្ឋអាមេរិក មួយគ្រឿង នៅលើសមុទ្រ Barents នាថ្ងៃសុក្រនេះ។

យោធារុស្ស៊ីបាននិយាយប្រាប់ថា យន្តហោះអាមេរិក ត្រូវបានគេកំណត់អត្តសញ្ញាណបានថា ជាយន្តហោះចារកម្ម P-8A Poseidon ហើយយន្តហោះចម្បាំងរុស្ស៊ី បានវិលត្រឡប់មកកាន់មូលដ្ឋានខ្លួនវិញ ភ្លាមៗដែលយន្តហោះអាមេរិកបានបត់ហោះចេញពីព្រំដែនរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ យោធារុស្ស៊ីក៏បានចេញយន្តហោះចម្បាំង MiG-31 មួយគ្រឿងយ៉ាងប្រញាប់ផងដែរ ដើម្បីអមឃ្លាំមើលយន្តហោះចារកម្មអាមេរិកមួយគ្រឿង នៅពីលើមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងខណៈយន្តហោះអាមេរិកហោះចូលមកជិតព្រំដែនរុស្ស៊ី។

ប៉ុន្តែកាលពីនោះ ពីឡុតយន្តហោះចម្បាំងរុស្សី បានកំណត់គោលដៅក្នុងអាកាសនោះថា ជាយន្តហោះចារកម្មយុទ្ធសាស្ត្រកងទ័ពអាកាសសហរដ្ឋអាមេរិក RC-135 និងបានហោះអមឃ្លាំមើល រហូតយន្តហោះចារកម្មនោះ ហោះហើរចេញឆ្ងាយពីព្រំដែនរុស្ស៊ី៕

ប្រែសម្រួល៖ប៉ាង កុង

To Top