ព័ត៌មានអន្តរជាតិ

លោក ពូទីន គ្រោងផ្តល់ការចាក់ថ្នាំវ៉ាក់សាំង ដល់ជនបរទេស នៅក្នុងប្រទេស ដោយគិតថ្លៃ

បរទេស៖ស្របពេលដែលទីក្រុងមូស្គូ ស្វះស្វែងធ្វើឲ្យកាន់តែ ប្រសើរឡើង នូវកិតិ្តស័ព្ទសកលរបស់ខ្លួន ជាមួយថ្នាំវ៉ាក់សាំង Sputnik V នោះ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បាននិយាយប្រាប់វេទិកា សេដ្ឋកិច្ចមួយនៅថ្ងៃសុក្រថា ប្រទេសរុស្ស៊ីអាចនឹងផ្តល់ការចាក់វ៉ាក់សាំង កូរ៉ូណា ដោយគិតថ្លៃ ដល់ជនបរទេស ដែលធ្វើដំណើរមករុស្ស៊ី។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ច អន្តរជាតិ St Petersburg លោក ពូទីន បានមានប្រសាសន៍ថា មនុស្សជាច្រើន នឹងមកកាន់ប្រទេសរុស្ស៊ី ដើម្បីទទួលការចាក់វ៉ាក់សាំងនោះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Today World. ពោលដោយមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមនោះ លោកប្រធានាធិបតីរុស្ស៊ី ដ៏មានឥទ្ធិពលរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំនឹងស្នើឲ្យរដ្ឋាភិបាលធ្វើការ សិក្សាលើបញ្ហានេះ ឲ្យបានទាំងស្រុង នៅចុងខែ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជនជាតិបរទេសទទួលការចាក់វ៉ាក់សាំង នៅក្នុងប្រទេសយើង ដោយគិតថ្លៃ”។

គួរបញ្ជាក់ថា ថ្នាំវ៉ាក់សំាងកូវីដ១៩របស់រុស្ស៊ី ត្រូវបានអនុម័តទទួលស្គាល់ យកទៅប្រើប្រាស់ ដោយប្រទេសចំនួន៦៦ និងកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យ ទាំងដោយអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ហើយការអនុម័តដោយទីភ្នាក់ងារបន្ទាប់ គឺត្រូវការសម្រាប់ការយក ទៅប្រើប្រាស់ នៅសហភាពអឺរ៉ុប៕

ប្រែសម្រួល៖ប៉ាង កុង

To Top