ព័ត៌មានអន្តរជាតិ

វិភាគ: សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅតែលេងល្បែងសិទ្ធិមនុស្សជាមួយប្រទេសជាគូប្រជែង

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កិច្ចប្រជុំមេដឹកនាំមកពីប្រទេស មានឧស្សាហកម្មលូតលាស់ទាំង៧ នៅលើពិភពលោក (G7) បានលើកឡើងពីបញ្ហា ៣សំណុចសំខាន់ ពាក់ព័ន្ធជាមួយប្រទេសចិន ដោយរិះគន់ និងបង្ហាញក្តីបារម្ភពីបញ្ហានោះ ។

ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ នៅលើពិភពលោក (G7) គឺមានសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ដែលសុទ្ធសឹងជាប្រទេសសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ។

បញ្ហា៣ចំណុចសំខាន់ពាក់ព័ន្ធនឹងចិន ដែលមេដឹកនាំ G7 បានរិះគន់នោះ គឺបញ្ហាសិទ្ធិមនុស្សនៅខេត្ត ហ្ស៊ីនជាំង ការលុបបំបាត់ស្វ័យភាពរបស់ទីក្រុងហុងកុង និងការបង្កើនឥទ្ធពលនៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង ។

ការរិះគន់ចិនរបស់មេដឹកនាំ G7 ត្រូវបានធ្វើឡើងក្រោយពីក្រុមសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានលើកឡើងថា រដ្ឋាភិបាលចិន បានប្រើកម្លាំងទាំងកម្រោល ក្នុងការគាបសង្កត់លើជនជាតិ អ៊ុយគួរនៅខេត្ត ហ្ស៊ីនជាំង ។

ក្រុមសិទ្ធិមនុស្សក៏បានបង្ហាញ របាយការណ៍ផងដែរអំពី ចេតនារបស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយស្វ័យភាព របស់ទីក្រុងហុងកុង តាមរយៈការដាក់ច្បាប់សន្តិសុខថ្មី អោយប្រជាពលរដ្ឋនៅទីក្រុងនេះអនុវត្ត និងបានចាប់ខ្លួនក្រុមសកម្មជនរាប់សិបនាក់ ។

សូមរំលឹកជូនថា កាលពីថ្ងៃអង្គារ ទី៨ ខែមិថុនា លោក ចូ បៃដិន ប្រធានាធិបតីរបស់សហរដ្ឋអាមរិក បានចាត់វិធានការចាំបាច់មួយចំនួន ក្នុងការទប់ទល់ឥទ្ធិពលរបស់ ប្រទេសចិនលើផ្នែកបច្ចេកវិទ្យា ដោយបញ្ចេញកញ្ចប់ថវិកា មានតម្លៃទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់ក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន អោយបង្កើនការស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាជាដើម ក្នុងបំណងទប់ទល់ជាមួយប្រទេសចិន ។

កញ្ចប់ថវិកាមានតម្លៃទឹកប្រាក់ ២០០ពាន់លានដុល្លារនេះ ត្រូវបានសមាជិកព្រឹទ្ធអនុម័តរួចរាល់ហើយ កាលពីថ្ងៃអង្គារ ទី៨ ខែមិថុនានេះ ក្នុងសម្លេង ៦៨ទល់នឹង៣២ ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបចំនួន ១០០នាក់ ដែលជាការអនុម័តតាមមតិភាគច្រើន ។

ផែនការចំណាយថវិកា ២០០ពាន់លានដុល្លារនេះ ត្រូវបានចាត់ទុកថាជាប្រវត្តិសាស្ត្រ សម្រាប់មេដឹកនាំអាមេរិក ដែលបានចំណាយថវិកាដ៏ច្រើនសម្បើម ក្នុងគោលដៅទប់ទល់ឥទ្ធិពល របស់ប្រទេសចិន ទាំងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលចិនកំពុងនាំមុខ ។

ក្នុងចំណោមកញ្ចប់ថវិកាទាំង ២០០ពាន់លានដុល្លារនោះ ១៧០ពាន់លាន សម្រាប់វិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយទឹកប្រាក់ផ្សេងពីនេះ នឹងត្រូវចំណាយលើការជួយ ជ្រោមជ្រែងដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ។

កញ្ចប់ថវិកានេះ នឹងត្រូវចំណាយរយៈពេល ៥ឆ្នាំសម្រាប់ភ្នាក់ងារ មូលនិធិវិទ្យាសាស្ត្រជាតិ ដើម្បីជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ និងគន្លឺះៗ ដូចជាប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) ជាដើម ដែលប្រទេសចិនកំពុង អភិវឌ្ឍន៍នៅពេលបច្ចុប្បន្ននេះ ។

សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ ប្រទេសចិនមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាងគេនៅលើពិភពលោក ដោយក្រុមហ៊ុនយក្សរបស់ប្រទេសចិន បានបង្កើតឡើងនូវប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ ( Fifth Generation Technology) (5G) ខណៈដែលពិភពលោកកំពុងប្រើប្រាស់ ត្រឹមតែប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៤ ( Fourth Generation Technology) (4G) ដែលត្រូវបានបង្កើតឡើងដោយប្រទេសជប៉ុន ជាមួយសហរដ្ឋអាមេរិក ។

គោលបំណងសំខាន់របស់លោក ចូ បៃដិន ក្នុងការចំណាយកញ្ចប់ថវិកានេះ គឺជំរុញក្រុមហ៊ុនក្នុងស្រុកអោយ ផលិតគ្រឿងផ្សំអេឡិចត្រូនិក មានដូចជាស៊ីមីកុំព្យូទ័រ និងបន្ទះឈីបជាដើម ដើម្បីកាត់បន្ថយការរំពឹងលើការនាំចូលពីខាងក្រៅ មានពីប្រទេសចិនជាដើម ដោយសារតែគ្រឿងផ្សំអេឡិចត្រូនិក គឺជាផ្នែកមួយមានសារសំខាន់ខ្លាំងណាស់ ក្នុងឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៍ ដែលត្រូវបានផលិត ក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី ជាពិសេសគឺផលិតនៅប្រទេសចិន និងនាំចូលទៅកាន់ទីផ្សារអន្តរជាតិ ។

ប្រទេសចិន បានគ្រប់គ្រងទីផ្សារផលិតផល គ្រឿងផ្សំអេឡិចត្រូនិកដ៏ចាំបាច់នេះ និងជាយុទ្ធសាស្ត្រនេះយូរឆ្នាំកន្លងមកហើយ ដោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅលើពិភពលោក បាននិងកំពុងប្រើប្រាស់ ផលិតផលរបស់ប្រទេសចិន ។

សហរដ្ឋអាមេរិក បានចាត់ទុកថា ការប្រើប្រាស់គ្រឿងផ្សំ អេឡិចត្រូនិករបស់ប្រទេសចិន គឺជាការគម្រាមកំហែងដល់សន្តិសុខ និងជាហានិភ័យមួយសម្រាប់ប្រព័ន្ធសន្តិសុខ របស់សហរដ្ឋអាមេរិកនៅពេលអនាគត ដែលចាំបាច់ត្រូវតែទប់ស្កាត់មុន ។

ដើមចមនាំអោយកើតរឿង
លោក Luo Huining នាយកការិយាល័យទំនាក់ទំនង របស់ប្រទេសចិនប្រចាំនៅទីក្រុងហុងកុង បាននិយាយថា ដើមចមដែលនាំអោយមេដឹកនាំ មកពីប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ នៅលើពិភពលោក (G7) រិះគន់ប្រទេសចិនពាក់ព័ន្ធសិទ្ធិមនុស្ស គឺល្បែងចាស់ដែលប្រទេសទាំងនោះ ធ្លាប់លេងជាមួយប្រទេសដទៃ និងទទួលបានជោគជ័យខ្លះ ។

លោក Luo Huining បានបន្ថែមថា កាលពីអតីតកាល ក្រុមប្រទេសមួយក្តាប់តូច ដែលដឹកនាំអោយសហរដ្ឋអាមេរិក បានយកបញ្ហាសិទ្ធិមនុស្ស ជាលេសនយោបាយ ដើម្បីដាក់បន្ទុកលើប្រទេសដទៃ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ លេសនយោបាយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលែងមានប្រសិទ្ធភាពទៀតហើយ ។

លោក Luo Huining បានបញ្ជាក់ថា មេដឹកនាំរបស់ប្រទេសចិន មានឯករាជ្យភាព និងអធិបតេយ្យភាព រួមទាំងមានសិទ្ធិគ្រប់គ្រាន់ ក្នុងការសម្រេចកិច្ចការសម្រាប់ ប្រទេសរបស់ខ្លួនដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត គ្មានសិទ្ធិលូកដៃ ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនបានទេ ហើយការរិះគន់ចិន គឺជាល្បែងនយោបាយចាស់ ដែលចិនបានដឹងអស់ហើយ ៕ ដោយ៖ អ៊ី ជិន

To Top