ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ១លានដូស ដល់ប្រទេសវៀតណាម

បរទេស៖ ប្រទេសជប៉ុនបានយល់ព្រមផ្តល់ជាជំនួយដល់ប្រទេសវៀតណាមនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-19 AstraZeneca ចំនួនមួយលានដែលផលិតនៅក្នុងប្រទេសជប៉ុន ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Yamada Takio នៅថ្ងៃអង្គារនេះបានបញ្ជូនសារពីលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ទៅកាន់សមភាគីវៀតណាមលោក Pham Minh Chinh ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ពាណិជ្ជករនិងសមាគមចំនួន ៣៦ របស់ជប៉ុនក៏បានព្រមព្រៀងផ្តល់ថវិកាចំនួន ១,៧១ លានដុល្លារសម្រាប់មូលនិធិបង្ការជំងឺកូវីដ-19 របស់ប្រទេសវៀតណាមផងដែរ។

ជាការឆ្លើយតបលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីជប៉ុន Suga រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ជំនួយវ៉ាក់សាំង Covid-19 របស់ពួកគេដោយបន្ថែមថា ប្រទេសវៀតណាមនឹងព្យាយាមឱ្យវ៉ាក់សាំងវ៉ាក់សាំងមកដល់ក្នុងប្រទេសនៅថ្ងៃពុធ។ លោកក៏បានស្នើសុំឱ្យរដ្ឋាភិបាលជប៉ុននិងអាជ្ញាធរពាក់ព័ន្ធដទៃទៀតជួយគាំទ្រជាមួយនឹងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅប្រទេសវៀតណាមទៀតផង៕
ប្រែសម្រួលៈ ណៃ តុលា

To Top