បរទេស៖ ប្រធានមន្ត្រីចរចាជំនួញតៃវ៉ាន់ លោក John Deng បាននិយាយនៅថ្ងៃពុធនេះថា លោកបាននិយាយប្រាប់សហរដ្ឋអាមេរិកថា លោកសង្ឃឹមថា ប្រទេសទាំងពីរអាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងជំនួញសេរីមួយ ដែលជាការបង្ហាញនូវការ គាំទ្រយ៉ាងខ្លាំងរបស់អាមេរិក ស្របពេលមានសម្ពាធពីចិនមកលើតៃវ៉ាន់។
ភាគីទាំងពីរ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីកិច្ចព្រមព្រៀងទម្រង់ការងារ ជំនួញនិងវិនិយោគ ហៅកាត់ថា TIFA ប៉ុន្តែកិច្ចពិភាក្សាគ្នានោះបានជាប់គាំង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចេញពីតំណែងនៅក្នុងឆ្នាំ២០១៦ ហើយតំណាងជំនួញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Robert Lighthizer បានផ្តោតការយកចិត្តទុកដាក់ទៅប្រទេសចិនវិញ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក John Deng បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងបង្ហាញទៅសហរដ្ឋអាមេរិកថា តៃវ៉ាន់សង្ឃឹមបានចុះហត្ថលេខា កិច្ចព្រមព្រៀងជំនួញមួយ ហើយយើងជឿថា ប្រសិនបើយើងបន្តប្រឹងប្រែងធ្វើការងារ ថ្ងៃណាមួយយើងនឹង សម្រេចគោលដៅរបស់យើង”។
ការិយាល័យតំណាងជំនួញសហរដ្ឋអាមេរិក បាននិយាយនៅក្នុងអំឡុងកិច្ចពិភាក្សាគ្នាថា មន្ត្រីអាមេរិកសង្កត់ធ្ងន់លើសារៈសំខាន់ នៃចំណងមិត្តភាពជំនួញអាមេរិក-តៃវ៉ាន់ ហើយភាគីទាំងពីរបានបង្ហាញការគាំទ្រ ចំពោះការធ្វើការងាររួមគ្នា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសន្តិសុខនិងភាពធន់នៃសង្វាក់ផ្គត់ផ្គង់ ៕
ប្រែសម្រួល៖ ប៉ាង កុង