បរទេស៖រដ្ឋសភា នៃប្រទេសម៉ាឡេស៊ី នឹងប្រារព្វើកិច្ចប្រជុំ រដ្ឋសភាពិសេសមួយ សម្រាប់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកក្កដាទៅ ដើម្បីអនុញ្ញាតឲ្យសមាជិក រដ្ឋសភាស្តាប់សេចក្តីលម្អិត ស្តីពីផែនការស្តារ សេដ្ឋកិច្ចជាតិឡើងវិញ នេះបើយោងតាមការិយាល័យ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin និយាយនៅថ្ងៃចន្ទនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យលោកនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី បាននិយាយប្រាប់ថា កិច្ចប្រជុំនេះ ក៏នឹងអនុញ្ញាត ស្ថាប័ននីតិប្បញ្ញត្តិនេះ ធ្វើវិសោធនកម្មច្បាប់ ចាំបាច់នានា ក្នុងការធ្វើកិច្ចប្រជុំរដ្ឋសភា ដោយមានការចូលរួម ដោយផ្ទាល់ជាក់ស្តែង។
សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយមានសំណើដដែលៗ ពីព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah ឲ្យរដ្ឋសភាបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីវិធានការ ដែលត្រូវបានធ្វើឡើង ក្នុងការដោះស្រាយជាមួយ វិបត្តិសុខាភិបាល និងសេដ្ឋកិច្ច ដោយសារតែការរាតត្បាត នៃជម្ងឺកូវីដ១៩។
ការិយាល័យ របស់លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បាននិយាយប្រាប់ថា រដ្ឋាភិបាលបានព្រមព្រៀងគ្នា ថ្វាយព្រះយោបល់ ដល់ព្រះមហាក្សត្រថា រដ្ឋសភានឹងបើកកិច្ចប្រជុំ សម្រាប់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែកក្កដា និងនៅថ្ងៃទី០២ ខែសីហា ចំណែកព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ នៅថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែសីហា៕ ប្រែសម្រួល៖ប៉ាង កុង