បរទេស៖ លោកស្រី អ៊ុង សានស៊ូជី នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខនឹងបទ ចោទប្រកាន់ចំនួន៤ ករណីបន្ថែមទៀត ដែលបានប្តឹងនៅតុលាការមួយក្នុងទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងដ៏ធំបំផុតទី២ របស់ប្រទេសមីយ៉ានម៉ា នេះបើតាមសម្តីរបស់សមាជិកមួយរូបនៃក្រុមអ្នកច្បាប់របស់លោកស្រី នាថ្ងៃចន្ទនេះ។
លោក Min Min Soe តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថា ក្រុមអ្នកច្បាប់របស់លោកស្រី អ៊ុង សានស៊ូជី មានព័ត៌មានតិចតួចស្តីពីបទចោទប្រកាន់បន្ថែមនោះ ប៉ុន្តែបាននិយាយថា ពួកវាមានពាក់ព័ន្ធនឹងបទចោទប្រកាន់អំពីអំពើពុករលួយ។
លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវដេញចេញពីតំណែងក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែត្រូវកាត់ក្តីនៅក្នុងរដ្ឋធានីណៃពីដោ ហើយក៏ត្រូវកាត់ក្តីនៅតុលាការទីក្រុងយ៉ាំងហ្គោនផងដែរ ដោយចោទប្រកាន់ពីបទរំលោភបំពានច្បាប់សម្ងាត់ផ្លូវការ។
គួរបញ្ជាក់ថា កាលពីខែមិថុនា អាជ្ញាធរយោធានៃប្រទេសមីយ៉ានម៉ា បានចោទប្រកាន់លោកស្រី ពីបទពុករលួយ ដែលជាបទចោទប្រកាន់ដ៏ធ្ងន់បំផុតមួយលើលោកស្រី ដែលអាចជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ ប្រសិនបើរកឃើញថាមានទោស ក្រៅពីនោះ លោកស្រីក៏ប្រឈមមុខនឹងបទចោទ៦ករណីផ្សេងទៀត ពាក់ព័ន្ធការនាំចូលវិទ្យុទាក់ទងខុសច្បាប់ និងការញុះញង់ឲ្យមានភាពចលាចលសាធារណៈ៕
ប្រែសម្រួល៖ប៉ាង កុង