ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល និងប្រធានាធិបតីប៉ាឡេស្ទីន ពិភាក្សាគ្នាពីការកសាងទំនុកចិត្ត

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា លោកបាននិយាយជាមួយ លោកប្រធានាធិបតី Mahmoud Abbas កាលពីថ្ងៃចន្ទ និងថា លោកទំាងពីរបានយល់ស្របគ្នាថា មានភាពចាំបាច់សម្រាប់ការ បោះជំហានកសាងទំនុកចិត្ត។

នេះគឺជាការទាក់ទងគ្នាលំដាប់ខ្ពស់ដំបូង ដែលត្រូវបាននិយាយប្រាប់ជាសាធារណៈ ដោយរដ្ឋាភិបាលអ៊ីស្រាអែល ដែលស្បថចូលកាន់តំណែងកាលពីខែមុន បន្ទាប់ពីមេដឹកនាំដ៏យូរបំផុតក្នុងប្រទេស គឺលោក Benjamin Netanyahu បានធ្លាក់ចេញពីតំណែង។

ការិយាល័យ របស់លោក Benny Gantz បាននិយាយយ៉ាងដូច្នេះថា “កិច្ចពិភាក្សាគ្នានោះ មានភាពវិជ្ជមាន ហើយលោកទាំងពីរបានលើកឡើងពីតម្រូវការចាំបាច់ ក្នុងការជំរុញវិធានការកសាងទំនុកចិត្តចំពោះគ្នា រវាងអ៊ីស្រាអែលនិងអាជ្ញាធរប៉ាឡេស្ទីន ដែលនេះនឹងផ្តល់ប្រយោជន៍ ដល់សេដ្ឋកិច្ចនិងសន្តិសុខនៃតំបន់ទាំងមូល”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The National News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បានធ្វើការបញ្ជាក់ពីកិច្ចសន្ទនាគ្នា តាមទូរស័ព្ទនោះដែរ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top