ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានធ្វើការឆ្លើយតបវិញ ប្រសិនបើសន្តិសុខ រងការគម្រាមកំហែង

បរទេស៖ក្រោយអាមេរិក អង់គ្លេសនិងអ៊ីស្រាអែល ថ្កោលទោសទីក្រុងតេអេរ៉ង់ សម្រាប់ការវាយប្រហារមួយលើនាវាដឹកប្រេងដែលអ៊ីស្រាអែលគ្រប់គ្រង នៅក្បែរតំបន់ឆ្នេរអូម៉ង់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបភ្លាមៗ ចំពោះការគម្រាមកំហែងណាមួយ ចំពោះសន្តិសុខរបស់ខ្លួន។

ទីក្រុងតេអេរ៉ង់ តាមសេចក្តីរាយការណ៍ បានបដិសេធមិនបានពាក់ព័ន្ធណាមួយ ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នោះ ដែលបណ្ដាលឲ្យបុគ្គលិកលើនាវាពីររូបបានស្លាប់ គឺជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់

សហរដ្ឋអាមេរិកនិងអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ពួកគេនឹងធ្វើការងារជាមួយដៃគូរបស់ខ្លួន ដើម្បីធ្វើការឆ្លើយតប ចំពោះការវាយប្រហារលើនាវា ដែលជានាវាដឹកផលិតផលប្រេងកម្មសិទ្ធិរបស់ជប៉ុន គ្រប់គ្រងដោយក្រុមហ៊ុន Zodiac Maritime របស់អ៊ីស្រាអែ ចំណែកអង់គ្លេស បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយនៅថ្ងៃចន្ទនេះថា “ប្រទេសអ៊ីរ៉ង់មិនស្ទាក់ស្ទើរ ក្នុងកិច្ចការពារសន្តិសុខនិងផលប្រយោជន៍របស់ខ្លួន ហើយនឹងធ្វើការឆ្លើយតបវិញភ្លាមៗយ៉ាងខ្លាំងក្លា ចំពោះការប្រថុយដែលអាចកើតមានណាមួយ”៕ប្រែសម្រួល៖ប៉ាង កុង


To Top