ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក និងអាមេរិក ប្តេជ្ញាពង្រីកសហប្រតិបត្តិការ ដោះស្រាយបញ្ហាអន្តោប្រវេសន៍

បរទេស៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាពីការបង្កើន សហប្រតិបត្តិការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា អន្តោប្រវេសន៍ នៅក្នុងអំឡុងជំនួបមួយក្នុងទីក្រុង Mexico City នេះបើតាមក្រសួងការបរទេសម៉ិកស៊ិក និយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃអង្គារ។

រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានជួបគ្នានៅក្នុងទីក្រុង Mexico City ជាមួយរដ្ឋមន្ត្រីសន្តិសុខផ្ទៃប្រទេសអាមេរិក លោក Alejandro Mayorkas ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan និងនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ទទួលបន្ទុកអឌ្ឍគោលខាងលិច លោក Juan Gonzalez។

ក្រោយជំនួបនោះ ក្រសួងការបរទេសម៉ិកស៊ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “គណៈប្រតិភូ បានព្រមព្រៀងគ្នា ពង្រីកសហប្រតិបត្តិការ ក្នុងគោលបំណងគ្រង់គ្រង លំហូអន្តោប្រវេសន៍ ឲ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាពនិងប្រក្រតីធម្មតា ជាមួយការគោរពសិទ្ធិមនុស្ស នៃជនអន្តោប្រវេសន៍ និងអ្នកសុំសិទ្ធិជ្រកកោន”។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The STRAITS TIMES នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយកិច្ចជំនួបគ្នានោះ លោក Ebrard បានមានប្រសាសន៍លើ បណ្ដាញសង្គមធ្វីតធ័រថា ចំណងមិត្តភាពរបស់ម៉ិកស៊ិក ជាមួយអាមេរិក កំពុងតែប្រព្រឹត្តទៅយ៉ាងល្អ និងថា ជំនួបនេះមានអំណោយផលល្អ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top