បរទេស ៖ ក្រុមមន្ត្រីយោធា សហរដ្ឋអាមេរិក បានប្រកាសថា លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ជាឲ្យបញ្ជូនកងទ័ព ៣.០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយក្នុងការជម្លៀស របស់ស្ថានទូតអាមេរិក្នុងទីក្រុងកាប៊ុល ។
ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលពួកតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងតែវាយដណ្ដើម យកទឹកដីកាន់តែធំឡើង ហើយកងទ័ពអាមេរិក ជិតបញ្ចប់ការដកចេញរបស់ពួកគេ ។ ពួកតាលីបង់ បានដណ្ដើមបានទីក្រុងដែលជាទីរួមខេត្ត Ghazni កាលពីថ្ងៃព្រហស្បតិ៍ ជាការដណ្ដើមបានទីរួមខេត្តទី១០ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លេខាធិការព័ត៌មាន របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍ប្រាប់ថា ការបញ្ជូនកងទ័ពនេះ គឺស្តីពីការរៀបចំដ៏ប្រុងប្រយ័ត្ន ។
លោកបានបន្តយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រីជឿថា សុវត្ថិភាពនិងសន្តិសុខ របស់ប្រជាជនយើង មិនមែនត្រឹមតែកងទ័ពអាមេរិកទេ ប៉ុន្តែព្រមទាំងសម្ពន្ធមិត្ត និងដៃគូរបស់យើង និងសហសេវិក ក្រសួងការបរទេស របស់យើង គឺមានកង្វល់ខ្លាំងបំផុត ហើយលោកនឹងមិនបន្ថែមហានិភ័យ ដល់សកម្មភាពសុវត្ថិភាពនោះទេ” ៕
ប្រែសម្រួល៖ប៉ាង កុង