បរទេស ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គ្រាប់រ៉ុកកែត ដែលពួកហាម៉ាស់ បាញ់ចូលទៅក្នុងប្រទេស អ៊ីស្រាអែល កាលពីដើមឆ្នាំនេះ បានសម្លាប់និងបង្កឲ្យរបួស ជនស៊ីវិល នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សា និងចោទប្រកាន់ក្រុមសកម្មប្រយុទ្ធនោះ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។
អង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅក្នុងទីក្រុងញូយ៉កនេះ បាននិយាយថា ការបាញ់រ៉ុកកែតនៅក្នុងខែឧសភា បានសម្លាប់ជនស៊ីវិល អ៊ីស្រាអែលចំនួន១២នាក់ និងរបួសជាច្រើននាក់ ហើយគ្រាប់ដែលបាញ់ខុស និងធ្លាក់នៅក្នុងតំបន់ហ្គាហ្សា ក៏បានសម្លាប់និងបង្ករបួស ដល់ប្រជាជនប៉ាឡេស្ទីន ជាច្រើននាក់ផងដែរ ។
តាមសេចក្តីរាយការណ៍ ការវាយប្រហារដោយគ្រាប់រ៉ុកកែតដោយឡែកមួយ ដែលបាញ់ខុសគោលដៅ នៅទីក្រុង Jabalya ក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនចំនួន៧នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន១៥នាក់។
គួរបញ្ជាក់ថា កាលពីខែមុន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះ ក៏បានចោទប្រកាន់ប្រទេស អ៊ីស្រាអែល ពីបទប្រព្រឹត្តធ្វើឧក្រិដ្ឋកម្មសង្គ្រាម ក្នុងអំឡុងការប្រយុទ្ធរយៈពេល១១ថ្ងៃ នៅក្នុងខែឧសភាផងដែរ ដោយនិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែលចំនួន៣ ដែលបានសម្លាប់ជនស៊ីវិល ប៉ាឡេស្ទីនចំនួន៦២នាក់ ត្រូវចាត់ថាជាឧក្រិដ្ឋកម្មសង្គ្រាម ព្រោះគ្មានគោលដៅ យោធានៅជិតៗនោះទេ ៕ ប្រែសម្រួល៖ប៉ាង កុង