ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំង វេណេស៊ុយអេឡា មានបំណងចូលរួមពិភាក្សា ជាមួយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ

បរទេស៖មេដឹកនាំប្រឆាំង ក្នុងប្រទេសវេណេស៊ុយអេឡា លោក Freddy Guevara បាននិយាយនៅពេលថ្មីៗនេះថា លោកមានបំណងចង់ចូលរួម ក្នុងកិច្ចចរចានយោបាយ ជាមួយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប៉ុន្តែនៅតែកំពុងរង់ចាំបក្សប្រឆាំង ធ្វើការសម្រេចចិត្ត លើបញ្ហានេះ។

លោក Freddy Guevara មានវ័យ៣៥ឆ្នាំ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានមួយ ក្នុងបទសម្ភាសន៍នៅផ្ទះរបស់លោក ក្នុងទីក្រុងការ៉ាកាស់ ភាគខាងកើតដូច្នេះថា “ខ្ញុំជាទាហានមួយរូប ក្នុងការប្រយុទ្ធ ហើយទីណាដែលខ្ញុំមានប្រយោជន៍បំផុតនោះ ខ្ញុំសង្ឃឹមនៅទីកន្លែងនោះ។ ខ្ញុំមិនដឹងពីមូលហេតុពិតប្រាកដ ដែលពួកគេចាប់ខ្ញុំដាក់ពន្ធនាគារ ហើយខ្ញុំក៏មិនដឹងពីមូលហេតុពិត ដែលពួកគេដោះលែងខ្ញុំដែរ”។

លោក Omar Mora ជាមេធាវីរបស់លោក បាននិយាយក្នុងបទសម្ភាសន៍មួយថា លោក Guevara ដែលជាសមាជិកមួយរូបនៃ បក្សឆន្ទៈប្រជាជន ដែលបានជាប់ឆ្នោតក្នុង រដ្ឋសភាវេណេស៊ុយអេឡា កាលពីឆ្នាំ២០១៥នោះ ត្រូវបានបញ្ជាឲ្យបង្ហាញខ្លួននៅតុលាការរៀងរាល់៣០ថ្ងៃ ប៉ុន្តែមិនត្រូវបានហាមមិនឲ្យ ចាកចេញពីប្រទេសនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា លោកនឹងស្វាគមន៍ ចំពោះការចូលរួមរបស់លោក Guevara ក្នុងកិច្ចពិភាក្សាគ្នា ដែលចាប់ផ្តើមជាមួយកិច្ចប្រជុំដំបូង នៅក្នុងទីក្រុង Mexico City នាថ្ងៃសុក្រ ហើយគ្រោងបន្តរហូតដល់ថ្ងៃទី៣ ខែកញ្ញា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×