ព័ត៌មានអន្តរជាតិ

ស្នងការរងក្រុងបាងកក៖ ក្រុមបាតុករ ៣ក្រុម គ្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅថ្ងៃពុធ

បរទេស៖ ក្រុមអ្នកតវ៉ា៣ក្រុមគ្រោង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីតាំងផ្សេងគ្នាក្នុង ទីក្រុងបាងកកនៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ Piya Tawichai ស្នងការរងនៃស្នងការដ្ឋាន នគរបាលក្រុងបាងកក នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ Piya Tawichai ថា ក្រុម Ratsadorn Taliban មានគម្រោងប្រមូលផ្តុំគ្នានៅផ្លូវបំបែក ឡាLat Phrao នៅវេលាម៉ោង ២ រសៀល។

ក្រុម Ramkhamhaeng ដើម្បីលទ្ធិប្រជាធិបតេយ្យ គ្រោងធ្វើបាតុកម្មនៅម៉ោង ៣ រសៀលនៅចំណុចផ្លូវ Kiak Kai នៅមុខរដ្ឋសភាជាកន្លែង ដែលមានការជជែកដេញដោលគ្នា ដកសេចក្តីទុកចិត្ត។

ក្រុមមួយទៀតឈ្មោះថា Thalu Gas គ្រោងធ្វើបាតុកម្មនៅផ្លូវបំបែក Din Daeng ។

ឧត្តមសេនីយ៍ Piya ក៏បានព្រមានថា ទីក្រុងបាងកកស្ថិតនៅក្រោម ការគ្រប់គ្រងជំងឺកូវីដកម្រិតអតិបរិមា និងការប្រមូលផ្តុំគ្នាត្រូវហាមឃាត់។ អ្នកល្មើសនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់តាមក្រឹត្យគ្រាអាសន្ន ច្បាប់គ្រប់គ្រងជំងឺ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×