ព័ត៌មានអន្តរជាតិ

ជប៉ុន និងបណ្ដាប្រទេសប៉ាស៊ីហ្វិក ប្ដេជ្ញារក្សាសណ្ដាប់ធ្នាប់ ដែនសមុទ្រ ខណៈសកម្មភាពយោធាចិន កំពុងកើនឡើង

ប៉េកាំង៖ តំណាងការពារជាតិ ថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសជប៉ុន និងប្រទេសកោះប៉ាស៊ីហ្វិកចំនួន ១៣ បានប្តេជ្ញានៅក្នុងកិច្ចប្រជុំ តាមអ៊ីនធឺណិត ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រ ចំពេលដែលសកម្មភាព យោធារបស់ចិន កំពុងកើនឡើងនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍រួម របស់ពួកគេបានឲ្យដឹងថា អ្នកចូលរួមក្នុងការជួបជុំគ្នាលើកដំបូងនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការជំរុញឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។ គំនិតនេះ គឺជាគំនិតផ្តួចផ្តើមមួយ របស់សហរដ្ឋអាមេរិក និងជប៉ុន ដែលមានគោលបំណងប្រឆាំង នឹងការកើនឡើងនូវការអះអាង របស់ទីក្រុងប៉េកាំង នៅក្នុងដែនទឹកក្បែរនោះ និងឥទ្ធិពលសេដ្ឋកិច្ច ដែលកំពុងកើនឡើងនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកតំណាងបានយល់ព្រមលើតម្រូវការ សម្រាប់“ ការយោគយល់គ្នា និងការកសាងទំនុកចិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម សម្រាប់សន្តិសុខក្នុងតំបន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានកត់សម្គាល់ក្នុងអំឡុងពេល កិច្ចប្រជុំថាតំបន់ប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រឈមថ្មី រួមទាំងការការពារប្រឆាំង នឹងរបបផ្តាច់ការ បើយោងតាមក្រសួងជប៉ុន នៅក្នុងសេចក្តីយោង ដែលបិទបាំងដល់ប្រទេសចិន។

លោក Nobuo Kishi ដែលជាប្រធានកិច្ចប្រជុំនេះ បានលើកឡើងថា“ យើងត្រូវការពង្រឹង ទំនាក់ទំនងរបស់យើង” កិច្ចសន្ទនាការពារកោះជប៉ុនប៉ាស៊ីហ្វិក។

ការជួបជុំនេះធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំមេដឹកនាំប្រទេសជប៉ុន និងប៉ាស៊ីហ្វិក កាលពីខែកក្កដានៅពេល ដែលពួកគេក៏បានយល់ព្រមលើ កិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។

សកម្មភាពយោធារបស់ចិន កំពុងពង្រីកខ្លួននៅសមុទ្រចិនខាងកើត និងខាងត្បូង ដោយធ្វើសមយុទ្ធបន្ថែមទៀត ជាមួយយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក រួមទាំងនាវាផ្ទុកយន្តហោះ Liaoning ផងដែរនៅក្នុងតំបន់។

រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កោះទាំងនោះមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ចំពោះទីក្រុងតូក្យូ ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខ។ ប្រទេសចិន បានផ្តល់ប្រាក់កម្ចី និងជំនួយអភិវឌ្ឍន៍ សម្រាប់គម្រោងដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ដែលអាចបង្កើនវត្តមាន របស់ខ្លួនក្នុងចំណោមគម្រោងទាំងនោះ ៕

ដោយ ឈូក បូរ៉ា

To Top