តេហរ៉ង់ៈ អ្នកនាំពាក្យរបស់សភាជាតិរបស់ប្រទេសអ៊ីរ៉ង់លោក Mohammad Baqer Qalibaf កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសបញ្ជាក់ពីជំហរបស់អ៊ីរ៉ង់ថានឹង
ធ្វើការគាំទ្រទៅដល់ពលរដ្ឋអាហ្គានីស្ថានឲ្យអាចគេចចេញពីការប៉ុនប៉ងរបស់បរទេសក្នុងការបង្កើតឲ្យមានអស្ថេរភាពនិងអសន្តិសុខនៅក្នុងប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះលោកបានបញ្ជាក់បែបនេះ៖អ្វីក៏ដោយដែលពលរដ្ឋអាហ្គានីស្ថានចង់បានគឺជាអ្វីដែលអ៊ីរ៉ង់ចង់បានដូចគ្នាហើយពួកយើងសង្ឃឹមទុកថា
អាហ្គានីស្ថានដែលជាប្រទេសជិតខាងរបស់យើងនឹងទទួលបានអនាគតដ៏ល្អនិងរឹងម៉ាំជាមិនខាន។
នៅក្នុងការប្រយុទ្ធគ្នាថ្មីៗបំផុតនិងចុងក្រោយនៅក្នុងប្រទេសអាហ្គានីស្ថានលោក Qalibaf លើកឡើងថាសុទ្ធតែជាសកម្មភាពអាយ៉ងរបស់អាមេរិកទាំងអស់ហើយបញ្ជាក់ថា
ការដាក់ពង្រាយដោយតាលីបង់គឺធ្វើឡើងបានយ៉ាងរលូនក្រោយការបញ្ចប់ទៅនៃការកាន់កាប់យោធាដោយអាមេរិក២០ឆ្នាំមកហើយនោះ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍មុននោះមួយថ្ងៃលោកប្រធានាធិបតីអ៊ីរ៉ង់់ Ebrahim Raisi ក៏បានលើកឡើងអំពីបញ្ហារបស់អាហ្គានីស្ថានដែរថាដំណោះស្រាយនៅអាហ្គានីស្ថាន
នៅពេលនេះគឺស្ថិតនៅលើការបង្កើតរដ្ឋាភិបាលមួយដែលត្រូវបានសម្រេចចិត្តនិងបោះឆ្នោតឡើងដោយពលរដ្ឋអាហ្គានីស្ថានដោយខ្លួនឯងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី