ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងវិភាគផលប៉ះពាល់នៃភាពជាដៃគូសន្ដិសុខថ្មី រវាងអូស្រ្ដាលី អង់គ្លេស និងអាមេរិក


ព្រុចសែល៖ គណៈកម្មការអឺរ៉ុប កំពុងធ្វើការវិភាគអំពីផលប៉ះពាល់នៃភាពជាដៃគូសន្តិសុខថ្មីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែលមានឈ្មោះថា AUKUS នៅជុំបន្ទាប់នៃការចរចាពាណិជ្ជកម្មរបស់ខ្លួន ជាមួយអូស្ត្រាលី។ ។

លោក Eric Mamer ប្រធានអ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បានលើកឡើងថា “យើងកំពុងវិភាគផលប៉ះពាល់ ដែលសេចក្តីប្រកាសរបស់ AUKUS នឹងមាននៅក្នុងកាលវិភាគនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអូស្ត្រាលី”។

ភាពជាដៃគូត្រីភាគីថ្មីនេះ បានធ្វើឱ្យប្រទេសបារាំងខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីអូស្ត្រាលី បានដកកិច្ចសន្យាចំនួន ៥៦ ពាន់លានអឺរ៉ូ (៦៥,៦ ពាន់លានដុល្លារ) ។ កាលពីឆ្នាំ២០១៦ អូស្រ្តាលី បានចុះកិច្ចសន្យាជាមួយបារាំង ក្នុងការទិញនាវាមុជទឹកម៉ាស៊ូត-អគ្គិសនីធម្មតា ចំនួន ១២ គ្រឿង។

កិច្ចព្រមព្រៀង AUKUS ត្រូវបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងសន្និសីទសារព័ត៌មានរួមគ្នាតាមអ៊ីនធឺណិតដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison ។

ប្រទេសអូស្រ្តាលី បានប្រកាសនៅថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀង AUKUS ត្រូវបានបង្ហាញជាសាធារណៈថា ខ្លួនមានគម្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងតិច ៨ គ្រឿងពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានលើកឡើងថា បារាំងចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាការចាក់ពីក្រោយខ្នង។

កិច្ចព្រមព្រៀងនេះរវាងចក្រភពអង់គ្លេស អូស្ត្រាលី និងអាមេរិក ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធា ដែលមិនពាក់ព័ន្ធនឹងសហភាពអឺរ៉ុប ដោយផ្ទាល់នោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងរដ្ឋជាសមាជិក៕


ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top