ព័ត៌មានអន្តរជាតិ

អត្រាអ្នកគ្មាន​ ការងារធ្វើនៅវៀតណាម ឡើងដល់កំពូល ចាប់តាំងពីវីរុសកូវីដ១៩ វាយប្រហារ

បរទេស ៖ អត្រាគ្មានការងារធ្វើ របស់វៀតណាម បានកើនឡើងដល់ ៣,៧២ ភាគរយ នៅក្នុងត្រីមាសទី ៣ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីដើមឆ្នាំ ២០២០ នៅពេល ដែលមេរោគកូរ៉ូណា ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសនេះ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមការិយាល័យ ស្ថិតិទូទៅ (GSO) អត្រានេះត្រូវបានគណនា ក្នុងចំណោមប្រជាជន អាយុធ្វើការ ដែលត្រូវបានកំណត់ថា មានអាយុពី ១៥-៦០ ឆ្នាំ សម្រាប់បុរស និង ១៥-៥៥ ឆ្នាំសម្រាប់ស្ត្រី ។

ប្រទេសវៀតណាម មានកម្មករប្រមាណ ៤៩,២ លាននាក់ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅក្នុងត្រីមាសទី ៣ ធ្លាក់ចុះ ១,៩ លាននាក់ធៀបនឹងត្រីមាសទី ២ និងធ្លាក់ចុះ ២,១ លាននាក់ធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

អត្រាគ្មានការងារធ្វើក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះមានចំនួន ២,៩១ ភាគរយ។

GSO បាននិយាយនៅក្នុងរបាយការណ៍មួយថា ស្ថានភាព Covid-19 ដ៏ស្មុគស្មាញបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាជន ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top