ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីជប៉ុន គ្រោងបង្កើតរដ្ឋមន្រ្តី សន្ដិសុខសេដ្ឋកិច្ច ក្នុងគោលបំណង ដើម្បីប្រឆាំងចិន

តូក្យូ៖ អនាគតនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា គ្រោងបង្កើតមុខតំណែងរដ្ឋមន្ត្រីថ្មីមួយ សម្រាប់សន្តិសុខសេដ្ឋកិច្ចនៅក្នុងបញ្ជរបិទបាំង ចំពោះការចោទប្រកាន់ពីការលួចបច្ចេកវិទ្យាដោយប្រទេសចិន  នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានឲ្យដឹងថា លោក គីស៊ីដា ដែលនឹងបើកគណៈរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៅពេលចាប់ផ្តើមសម័យប្រជុំវិសាមញ្ញ ក៏កំពុងពិចារណាតែងតាំងទីប្រឹក្សានាយករដ្ឋមន្រ្តី លើបញ្ហានេះផងដែរ។

គេមិនទាន់ដឹងថា អ្នកណានឹងចូលកាន់តំណែងភ្លាមៗនោះទេ ប៉ុន្តែរដ្ឋមន្ត្រីថ្មីត្រូវបានគេរំពឹងថា នឹងរៀបចំយុទ្ធសាស្ត្រជាតិ ដែលបង្កើតឡើងដើម្បី ទប់ស្កាត់ការបង្ហូរបច្ចេកវិទ្យាចេញពីប្រទេស។

ប្រភពពីរដ្ឋាភិបាល និងគណបក្សកាន់អំណាចបានឲ្យដឹងថា បន្ទាប់ពីចូលកាន់តំណែងលោក គីស៊ីដា មានគម្រោងរំលាយសភានៅថ្ងៃទី១៤ ខែតុលា ហើយការបោះឆ្នោតសកលទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែវិច្ឆិកា។

ប្រភពបន្តថាជាមួយនឹងផែនការ ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ ជាមួយនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខនេះ។

ទោះយ៉ាងណាការធ្វើយុទ្ធនាការ អាចជាជម្រើសចាប់ផ្តើមនៅថ្ងៃទី០២ ខែវិច្ឆិកា ដោយបោះឆ្នោតនៅថ្ងៃទី១៤ ខែវិច្ឆិកា ពីព្រោះលោក គីស៊ីដា មានបំណងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី៣០-៣១ ខែតុលា នៃក្រុមប្រទេសសេដ្ឋកិច្ចធំទាំង ២០ នៅទីក្រុងរ៉ូម៕

ដោយ ឈូក បូរ៉ា

To Top