ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចោទក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា អនុវត្តស្តង់ដារទ្វេរដង ជុំវិញការធ្វើតេស្តមីស៊ីល

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ហៅកាត់ថា (UNSC) បានអនុវត្តស្តង់ដារទ្វេរដង លើសកម្មភាពយោធា ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ចំពេលមានការរិះគន់ពីអន្តរជាតិ ជុំវិញការធ្វើតេស្តមីស៊ីលរបស់ខ្លួន នាពេលថ្មីៗនេះ ។

ក្រុមប្រឹក្សាបានជួបប្រជុំគ្នាដោយបិទទ្វារ កាលពីថ្ងៃសុក្រតាមការស្នើសុំពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។ កិច្ចប្រជុំនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប្រឆាំងយន្តហោះថ្មី ដែលជាការអភិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុងស៊េរីនៃការសាកល្បងអាវុធ រួមទាំងការបាញ់សាកល្បង មីស៊ីលល្បឿនលឿនដែលមិនធ្លាប់មានពីមុន មីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពនុយក្លេអ៊ែរ ។

លោក Jo Chol Su ដេប៉ាដឺម៉ង់នៃអង្គការអន្តរជាតិ នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា កិច្ចប្រជុំរបស់អ.ស.ប មានន័យថា មានភាពល្ងង់ខ្លៅបើកចំហ និងការរំលោភបំពានដោយចេតនាលើអធិបតេយ្យភាពរបស់ខ្លួន និង “ការបង្កហេតុដែលមិនអាចអត់ឱនបានឡើយ” ។

លោក Jo បានចោទប្រកាន់ក្រុមប្រឹក្សាថា មានស្តង់ដារទ្វេរដង ព្រោះអង្គការនេះនៅស្ងៀមអំពីសមយុទ្ធយោធារួមរបស់សហអាមេរិក និងការសាកល្បងអាវុធជាមួយសម្ព័ន្ធមិត្ត ខណៈកំពុងមានបញ្ហាជាមួយសកម្មភាព“ ការពារខ្លួន” របស់កូរ៉េខាងជើង៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top