អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា អ្នកប្រតិបត្តិធម៌ យ៉ាងហោចណាស់១៨នាក់ ត្រូវបានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលការបំផ្ទុះគ្រាប់បែក ដែលបានវាយប្រហារមកលើ ព្រះវិហារអ៊ីស្លាម មួយកន្លែង នៅក្នុងកំឡុងពេល អធិស្ឋាននៅថ្ងៃសុក្រនេះ នៅទីក្រុង Kunduz ភាគខាងជើងខេត្ត Kunduz នៃប្រទេសអាហ្វីហ្គានីស្ថាន ។ ប្រភពមួយ បានបញ្ជាក់ឲ្យដឹងដូច្នេះ ។
អ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid បានសរសេរនៅលើ បណ្តាញសង្គម Twitter ថា “ការផ្ទុះបានកើតឡើងនៅវេលាម៉ោង ២រសៀលម៉ោងក្នុងស្រុក នៅក្នុងព្រះវិហារអ៊ីស្លាម របស់ជនជាតិ Shiite ជាលទ្ធផលអ្នកប្រតិបត្តិធម៌ ជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួស” ។
កម្លាំងសន្តិសុខតាលីបង់ បានឡោមព័ទ្ធទីតាំងនៅសង្កាត់ Sayyed Abad នៃទីក្រុងដើម្បីមានវិធានការការពារជាមុន ។
អ្នកស្រុកបានឲ្យដឹងថា លក្ខណៈនៃការផ្ទុះនេះអាចជាការផ្ទុះគ្រាប់បែកអត្តឃាត ។
លោក Mujahid បានឲ្យដឹងទៀតថា “កម្លាំងពិសេសរបស់ Mujahideen នៃអេមីរ៉ាតអ៊ីស្លាមអាហ្វហ្កានីស្ថាននៅកន្លែងនោះ។ ពួកគេកំពុងស៊ើបអង្កេតហេតុការណ៍នេះ” ។
ទន្ទឹមនឹងនេះដែរ លោក Maulvi Haqnawaz អនុប្រធានការិយាល័យសុខាភិបាលខេត្តបានប្រាប់ស៊ិនហួ ថាមនុស្ស១៨ នាក់បានស្លាប់ និងជាង៥០នាក់ទៀតរងរបួស ។ លោកបានលើកឡើងថា ចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត ។
មិនទាន់ មានក្រុមណាមួយអះអាងទទួលខុស ត្រូវចំពោះការវាយប្រហារនេះ នៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា